ខេត្ដកណ្តាលៈ ជនដៃដល់ធ្វើសកម្មភាពយកពូថៅកាប់ប្រហារទៅលើ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីចុងសប្តាហ៏កន្លងទៅ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ពីបទហិង្សាដោយចេតនា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនដៃដល់ឈ្មោះ រៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ។ ជនដៃដល់រូបនេះបានធ្វើសកម្មភាពកាប់លោក ប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាសម្នាក់ទៀត ត្រូវបានលោកនាយប៉ុស្តិ៍ចាត់តាំងឲ្យទៅការពារសន្តិសុខនៅក្នុងពិធីមង្គលការកូនរបស់ឈ្មោះ ឡាញ់ ហេន នៅភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះជាមន្ត្រីនគរបាលប៉ុស្តិ៍កំពុងឈរសម្រួលចរាចរណ៍ នៅក្បែររោងការ ស្រាប់តែជនដៃដល់យកពូថៅទៅកាប់ប្រហារជនរងគ្រោះដោយមិនដឹងមូលហេតុ បណ្តាលឲ្យត្រូវចំក្បាលរងរបួសឈាមហូរស្រោចខ្លួន ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍សហការជាមួយប្រជាការពារភូមិចាប់ខ្លួនរួមជាមួយវត្ថុតាងពូថៅចំនួន០១ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំសំបួរមាស ដេរមុខរបួសចំនួន៤ថ្នេរ ។
ជនដៃដល់ឈ្មោះ រៀម ហ៊ុល បានសារភាពថា រូបគេពិតជាបានយកពូថៅកាប់ទៅជនរងគ្រោះជាមន្ត្រីនគរបាលប៉ុស្ដិ៍ប្រាកដមែន តែខ្លួនមិនមានចេតនាកាប់ទៅលើជនរងគ្រោះឡើយ គឺកាប់ច្រឡំមនុស្ស ៕
ដោយ៖ សិលា