ខេត្តព្រះសីហនុ ៖ ស្ត្រីរូបស្រស់ម្នាក់ បានធ្លាក់ពីលើអគារជាន់ទី២៥ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ យ៉ាងណាជុំវិញហេតុការណ៍នេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលត្រូវជាសង្សាររបស់ស្ត្រីរងគ្រោះ និងជាអ្នកស្នាក់នៅបន្ទប់ជាមួយស្ត្រីរងគ្រោះ នាំយកទៅសាកសួរ។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចអគារស្នាក់នៅ ស៊ីងហ្សាវ័ន ក្បែរស្ពានស្តេចមឹក ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងជាបឋមថា ជនរងគ្រោះ មានឈ្មោះ NGUYEN THILAN ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែន មានសុពលភាពដល់ឆ្នាំ២០៣២ ស្នាក់នៅបន្ទប់លេខ២៥២០ អគារស៊ីងហ្សាវ័ន។ ចំណែកបុរសសង្ស័យ ដែលត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ មានឈ្មោះ JIAO TIANCI ភេទប្រុស អាយុ៤៦ឆ្នាំ កាន់លិខិត ឆ្លងដែនស្របច្បាប់ ស្នាក់នៅជាមួយស្ត្រីរងគ្រោះ។
ករណីនេះសមត្ថកិច្ចជំនាញ នៅពុំទាន់អាចបញ្ជាក់ពីមូលហេតុនៃស្ត្រីរងគ្រោះធ្លាក់ស្លាប់នោះ ដោយសារអ្វីនៅឡើយទេ ។
ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បាននាំខ្លួនជនជាតិចិនម្នាក់ ឈ្មោះ JIAO TIANCI ដែលស្នាក់នៅបន្ទប់លេខ២៥២០ ជាមួយស្ត្រីរងគ្រោះ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
សពស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅសាលតម្កល់សព នៃមន្ទីរពេទ្យចម្ការចេក ដើម្បីសមត្ថកិច្ចជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យធ្វើកោសល្យវិច័យ និងស៊ើបអង្កេតស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការស្លាប់នេះ៕