Wednesday, November 27, 2024
Homeព័ត៌មានជាតិថៅកែត្រី ស៊ីដាច់លុយចូលហ៊ុន២ម៉ឺនដុល្លារ

ថៅកែត្រី ស៊ីដាច់លុយចូលហ៊ុន២ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ បុរសជាថៅកែត្រីម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត និងត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងករណីឆបោក ទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ដែលជាប្រាក់ចូលហ៊ុនរកស៊ីទិញត្រីលក់ ជាមួយមិត្តភក្តិ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹង លេខ៥៤/២២ ព្រ.ទ.ក.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ឈ្មោះសុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ ប្តឹងពីបទករណីឆបោក ប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ចបន្តថា ប្រតិបត្តិការខាងលើនេះ គឺអនុវត្តតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ៣៦២ អយក/២២ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឈ្មោះសុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រគល់ប្រាក់ចូលហ៊ុនចំនួន ២ម៉ឺនដុល្លារ ឱ្យទៅឈ្មោះសុខ យ៉ន (ជនត្រូវចោទ) ភេទប្រុស អាយុ៤៤ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការទិញត្រី និងអាជីវកម្មនាំចូលត្រី ប៉ុន្តែជនសង្ស័យ បានយកប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងគ្មានប្រាក់ដាក់ទុនចំនួន ២០០០០ដុល្លារ ជាមួយនឹងឈ្មោះសុខ រ៉ាដែន (ជនរងគ្រោះ) ទេ។

សមត្ថកិច្ចបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២ម៉ឺនដុល្លារ ពីឈ្មោះសុខ រ៉ាដែន ដែលចូលហ៊ុនធ្វើអាជីវកម្មទៅប្រើប្រាស់ផ្ទាល់ខ្លួនអស់ ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចូលហ៊ុនជាមួយឈ្មោះ សុខ រ៉ាដែន ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានលោក សុវណ្ណ ច័ន្ទន៍គ្រឹស្នា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនយកទៅដាក់ពន្ធនាគារខេត្តសៀមរាប ជាបណ្តោះអាសន្ន៕

RELATED ARTICLES