ខេត្តស្វាយរៀង ៖ បុរសម្នាក់ ជាបុគ្គលិកកាស៊ីណូ មិនដឹងជាមានវិបត្តិផ្លូវចិត្តិរឿងអ្វី ស្រាប់តែសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៨ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
បុរសដែលលោតសម្លាប់ខ្លួន មានឈ្មោះ NGUYEN THE DIEP អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ កាន់លិខិតឆ្លងដែនលេខ C9709578 បច្ចុប្បន្នស្នាក់អគារលេខ៦ បន្ទប់លេខ៦៩២៣ ជាន់ទី៨ ក្នុងកាស៊ីណូម៉ុកបាយ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះអ៊ុក សុខឃាង ថាមានករណីមនុស្សលោតពីលើអគារលេខ៦ ជាន់ទី៨ បន្ទប់លេខ៦៩២៣ បណ្តាលឱ្យស្លាប់ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងវិភាគ ដោយ មានសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវេជ្ជបណ្ឌិត សំបូរសារឹម ភីសុភាព គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលពីលោកឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសព។
ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ ការស្តាប់ចម្លើយសាក្សីឆ្លើយបំភ្លឺ អាចសន្និដ្ឋានបានថា សពជនរងគ្រោះជនជាតិវៀតណាម នេះ ពិតជាស្លាប់ដោយសារប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានបញ្ជូនតាមរថយន្ត ទៅប្រគល់ជូននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី៕