ខេត្តកំពង់ស្ពឺ ៖ បុរស ២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីប្អូនប្រុសផ្ទុះកំហឹង ទាញចបជីក ដេញវាយបងប្រុសបង្កើតរបស់ខ្លួន ទើបបុរសជាបង បានទាញកាំបិត មកការពារខ្លួន ប៉ុន្តែជ្រុលដៃកាប់ទៅលើប្អូនប្រុស ចំកញ្ចឹងក បណ្តាលឱ្យដាច់កស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ករណីអំពើឃាតកម្ម បងប្រុសកាប់ប្អូនប្រុសបង្កើតរបស់ខ្លួន បណ្តាលឱ្យស្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង។
ជនសង្ស័យជាឃាតករសម្លាប់ប្អូនប្រុសបង្កើត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរិន ណារ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរទិញ-លក់អេតចាយ។ ចំណែកជនរងគ្រោះជាប្អូនប្រុស មានឈ្មោះរិន ណារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ។ ជនរងគ្រោះ និងជនសង្ស័យ ត្រូវជាបងប្អូនបង្កើត និងមានស្រុកកំណើតនៅភូមិព្រែត្បាល់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ។
លោកសម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីជនរងគ្រោះជាប្អូនប្រុស បានទាញយកចបជីក ដេញវាយជនសង្ស័យដែលជាបងប្រុសបង្កើត។ បន្ទាប់មក ជនសង្ស័យបានរត់គេច និងទាញយកកាំបិតផ្គាក់ មកគ្រវីការពារខ្លួន តែជ្រុលត្រូវកញ្ចឹងកជនរងគ្រោះជាប្អូនប្រុស បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
លោកស្នងការរង បន្តថា ក្រោយកើតហេតុ ដោយមានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ឃុំវល្លិស សហកាជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងបញ្ជូនមកស្នងការខេត្តកំពង់ស្ពឺ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
រហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោកប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យខាងលើ ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំបើកសវនាការបន្ត៕