Wednesday, November 27, 2024
Homeព័ត៌មានជាតិរ៉ូហ្ស៊េត ត្អូញជួបការលំបាក ពេលធ្វើកូនប្រសាអេង ឆៃអ៊ាង

រ៉ូហ្ស៊េត ត្អូញជួបការលំបាក ពេលធ្វើកូនប្រសាអេង ឆៃអ៊ាង

ភ្នំពេញ ៖ អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់រងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៃគណបក្សភ្លើងទៀន បានត្អូញថា ធ្វើជាកូនប្រសាលោកអេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ មិនមែនជាការងាយស្រួលទេ គឺជួបការលំបាក ព្រោះសូម្បីពេលគេវ៉ៃ ឬចាប់ខ្លួនសកម្មជនគណបក្ស គេសួរថា ហេតុអ្វីគេមិនចាប់អ្នកស្រី? ហើយបើអ្នកស្រីទទួលបានតំណែងធំក្នុងបក្ស គេថាមូលហេតុដោយសាអ្នកស្រីជាកូនប្រសាអេង ឆៃអ៊ាង ។

          អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា “ធ្វើជាកូនប្រសារបស់អេង ឆៃអ៊ាង ជួបការលំបាក។ ទីមួយ ពេលគេវ៉ៃ ឬចាប់ខ្លួនសកម្មជនគណបក្ស គេសួរថា ហេតុអ្វីគេមិនចាប់ខ្ញុំ? ទីពីរ បើខ្ញុំទទួលបានតំណែងធំក្នុងបក្ស គេថាមូលហេតុដោយសារខ្ញុំជាកូនប្រសារបស់អេង ឆៃអ៊ាង ។ សរុបសេចក្តីមក ទាំងក្នុងទាំងក្រៅ គឺតម្រង់មកខ្ញុំ ដូច្នេះរាល់ការសម្រេចចិត្តទាំងឡាយ គឺខ្ញុំត្រូវតែប្រយ័ត្នប្រយែង មិនត្រូវឱ្យមានកំហុសឡើយ“ ។

          សំណេររបស់អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ខាងលើនេះ បានធ្វើឡើងក្រោយពេលដែល លោកបោយ រើយ សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ (ក្រុមកឹម សុខា) ដែលធ្លាប់តែរិះគន់លោកសម រង្ស៊ី និងលោកអេង ឆៃអ៊ាង កន្លងមកនោះ បានលើកឡើងថា អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ធ្វើជាកូនប្រសាលោកអេង ឆៃអ៊ាង ពិតជាមានសំណាងមែន ព្រោះមិនដែលឃើញទទួលរងគ្រោះអីដូចសកម្មជនបក្សប្រឆាំងផ្សេងទៀត ជាពិសេសដូចលោកនល់ ពង្សធារិទ្ធ ហៅកំហែងជ័យ ដែលថ្មីៗនេះ ត្រូវគេវ៉ៃបែកក្បាល ។

          លោកបោយ រើយ បានបង្ហោះរូបលោកនល់ ពង្សធារិទ្ធ ហៅកំហែងជ័យ ដែលទទួលរងរបួសក្បាល និងរូបអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត យកលុយក្រដាស ១០០ដុល្លារ ជូនជនរងគ្រោះនៃបក្សប្រឆាំង ជាមួយនឹងសំណេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ថា “រ៉ូហ្សិត កូនប្រសាលោកអេង ឆៃអ៊ាង ស្ថិតនៅដោយសុវត្ថិភាពរហូត ហើយ នល់ ពង្សធារិទ្ធ ជនរងគ្រោះជាភ្លើងទៀន ដូចគ្នា តែវាសនាខុសគ្នា ។ គួរឈប់ទៅ អំពើហិង្សា ទោះបីជនរងគ្រោះ មានទស្សន:ខុសពីក្រុមនិយមអហិង្សាក៏ដោយ ។ នេះជាឈាមខ្មែរ ជាឈាមអ្នកតស៊ូ នៅលើសមរភូមិនយោបាយ ក្នុងមាតុភូមិពិត ។ គាត់រងគ្រោះដោយហិង្សា ២ដងហើយ“ ។

          បន្ទាប់ពីបានឃើញសំណេររបស់លោកបោយ រើយ ខាងលើនេះ ទើបអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្លោងសំណេរថា ធ្វើជាកូនប្រសាលោកអេង ឆៃអ៊ាង ពិបាក ព្រោះបើឃើញអ្នកស្រីមានសុវត្ថិភាព មិនទទួលរងអំពើហិង្សាណាមួយ ក៏គេរិះគន់បញ្ឆិតបញ្ឆៀងឲ្យអ្នកស្រីថា ក្លាយជាកូនប្រសាលោកអេង ឆៃអ៊ាង គ្មានអ្នកណាហ៊ានប៉ះពាល់ ខណៈដែលកន្លងមក មានការទម្លាយថា លោកអេង ឆៃអ៊ាង ធ្លាប់មានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច មុនរត់ទៅក្រៅប្រទេស ។

          ទោះបីយ៉ាងណា ជុំវិញសំណេរតាមហ្វេសប៊ុក ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានទេ កាលពីម្សិលមិញ ដោយអ្នកស្រីមិនលើកទូរស័ព្ទ ។

          ចំណែកលោកបោយ រើយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ថា ការដែលលោកលើកឡើងថា អ្នកស៊ិន ចាន់ពៅរ៉ូហ្ស៊េត មានសំណាងជាងសកម្មជនផ្សេង នៃបក្សប្រឆាំង ក្នុងនាមកូនប្រសាលោកអេង ឆៃអ៊ាង មិនមែនក្នុងន័យថា ចង់ឲ្យអ្នកស្រីរងគ្រោះដោយអំពើហិង្សានេះដែរទេ គឺគ្រាន់តែជាការបង្ហាញចម្ងល់របស់លោក ចំពោះវាសនានយោបាយរបស់អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ប៉ុណ្ណោះ ព្រោះកន្លងមក ឃើញអ្នកស្រីមានសកម្មភាពប្រឆាំងខ្លាំងដែរ ជាពិសេសតាមបណ្ដាញសង្គម ហ្វេសប៊ុក ប៉ុន្តែអ្នកស្រី នៅតែអាចគេចផុតពីបញ្ហាប្រឈមបាន ។

          លោកបោយ រើយ បានមានប្រសាសន៍ថា “មិនបាច់ទៅខ្វល់ទេ អូនក៏ឃើញអ៊ីចឹងដែរ ឃើញរ៉ូហ្ស៊េត ហ្នឹងល្បីចង់ងាប់ហើយ គាត់ល្បីល្បាញសឹងអីហើយ ហើយកូនប្រសាមន្រ្តីជាន់ខ្ពស់ទៀត ឃើញថាគាត់មានសុវត្ថិភាព ។ អ៊ីចឹងយើងចេះតែឆ្ងល់ មានវាសនាល្អជាងលោកពង្សធារិទ្ធ ហ្នឹង ដែលត្រូវគេប្រើហិង្សាដល់ ២ដងហើយ មិនដឹងជាគាត់យ៉ាងម៉េច ។ យើងឃើញឆ្ងល់អ៊ីចឹង ប៉ុន្តែខ្ញុំមិនហ៊ានសន្និដ្ឋានថាយ៉ាងម៉េចទេ សូម្បីតែឯកឧត្ដមថាច់ សេដ្ឋា អនុប្រធានគណបក្សហ្នឹង គាត់ដើរពេញតែប្រទេសដែរហ្នឹង ហើយតាមខ្ញុំស្គាល់ទម្លាប់ហ្នឹង គាត់ដើរសឹងរាល់យប់ សឹងមិនដែលញ៉ាំបាយផ្ទះទេ ថាច់ សេដ្ឋា នោះ គាត់ដើរលេងរាល់យប់ ហើយគាត់មានសុវត្ថិភាពដែរ ហើយដល់មករងគ្រោះ មានសកម្មជន មន្រ្តីតូចតាចអ៊ីចឹង យើងគ្រាន់តែឃើញវាសំណាងយ៉ាងម៉េច? វាសនាខុសគ្នាយ៉ាងម៉េច? យើងគ្រាន់តែឃើញអ៊ីចឹង យើងមិនមានអីលាក់លៀម អាថ៌កំបាំងពីក្រោយផងហ្នឹង យើងគ្រាន់តែឃើញអ៊ីចឹង វាអ៊ីចឹងមែន ភាពជាក់ស្ដែងវាអ៊ីចឹងមែន ។ ដូច្នេះចំពោះថា លោកអេង ឆៃអ៊ាង ធ្លាប់មានទំនាក់ទំនងការងារជាមួយគណបក្សកាន់អំណាច គឺគាត់អាចទំនាក់ទំនងការងារ សរសេរលិខិតសុំអន្តរាគមន៍បញ្ហាប្រជាពលរដ្ឋអី តែទំនាក់ទំនងស៊ីជម្រៅជាងហ្នឹង ខ្ញុំអត់ដឹងដែរទេ គ្រាន់តែគាត់ធ្លាបសរសេរលិខិតទៅសភា ទៅនាយករដ្ឋមន្រ្តី ឲ្យអន្តរាគមន៍ជួយប្រជាពលរដ្ឋរឿងដីធ្លី រឿងបញ្ហាអយុត្តិធម៌អី ឯបញ្ហាស៊ីជម្រៅខ្លះ គេម៉េចឲ្យយើងដឹង បើឧបមាថា គេមានរឿងលាក់លៀមដែលមិនល្អ ម៉េចគេឲ្យយើងដឹង យើងគ្រាន់តែស្មានៗម៉េចកើត ។ ប៉ុន្តែចំពោះការដែលរ៉ូហ្ស៊េត ឆ្លើយតបនឹងអត្ថបទខ្ញុំ ដោយគាត់ថា ធ្វើកូនប្រសាអេង ឆៃអ៊ាង ពិបាកនោះ យើងមិនឃើញយ៉ាងម៉េចទេ ឃើញតែគាត់ឡាយលក់ក្រូច លក់កាបូប លក់អីអ៊ីចឹង ហើយគាត់ធ្វើសកម្មភាពមនុស្សធម៌អីអ៊ីចឹងដែរ ហើយយើងគ្រាន់តែឃើញគេគំរាម តែអត់ឃើញគាត់រងគ្រោះដូចអ្នកផ្សេងទៀត អត់ឃើញទេ ។ និយាយអ៊ីចឹង មិនមានមានន័យថា ចង់ឃើញគាត់បែកក្បាល បែកអី គេវ៉ៃ ប្រើហិង្សាអីទេ គ្រាន់តែការកត់សម្គាល់របស់យើងអ៊ីចឹង ហើយឃើញគាត់នៅក្នុងស្រុកដូចគេព្រោងព្រាតអ៊ីចឹងដែរ ហើយគេក៏មានរងគ្រោះ ហើយគាត់អត់មានរងគ្រោះអ៊ីចឹង ហើយតំណែងធំគាត់ហ្នឹង ក៏គាត់ខិតខំប្រឹងប្រែងរបស់គាត់ខ្លះដែរ ហើយមួយផ្នែកធំ គឺដោយសារគាត់កូនប្រសាលោកអេង ឆៃអ៊ាង ហ្នឹងទេ ។ អានេះការយល់ឃើញរបស់ខ្ញុំ“ ។

          លោកបោយ រើយ បានមានប្រសាសន៍បន្តថា “និយាយទៅ យើងមិនមានចេតនាចង់ឲ្យគាត់រងគ្រោះអីដែរទេ ទោះបីទស្សនៈខុសគ្នា យើងមិនត្រូវគ្នា ជារឿងផ្សេង យើងមិនចង់ឲ្យមានអំពើហិង្សាទេ យើងចង់ឲ្យមានសេចក្ដីសុខទាំងអស់គ្នាទៅ អ្នកណាធ្វើអីធ្វើទៅ ក៏ប៉ុន្តែយើងឃើញជាក់ស្ដែងអ៊ីចឹងមែន គាត់ឡាយលក់ក្រូច លក់អី ពេលខ្លះគាត់ផុសដៀមដាមឲ្យគ្នាឯងផង ដៀមដាមឲ្យអាជ្ញាធររដ្ឋាភិបាលអីខ្លះដែរ គាត់មានសេចក្ដីសុខរហូត ដែលយើងចង់ឲ្យអ្នកដែលជាសកម្មជននយោបាយគាត់ហ្នឹង ឲ្យមានសេចក្ដីសុខទាំងអស់គ្នាទៅ វាសុទ្ធតែអតីតសហការីជាមួយគ្នាអ៊ីចឹង ។ ដូច្នេះការជួបលំបាក គ្រាន់តែគាត់ថាទេ តែជាក់ស្ដែង យើងអត់ឃើញទេ ទោះបីជាមានដីកាហៅទៅសួរអីមែន តែមិនដែលឃើញមានឃាត់ខ្លួនគាត់ដូចអ្នកផ្សេងនៅបាត់ដំបង ហ្នឹងដូចគ្នាទេ។ ការសង្កេតឃើញរបស់យើងអ៊ីចឹង ហើយឃើញគាត់មានសេចក្ដីសុខរហូតអ៊ីចឹងមែន ហើយក៏ជូនពរឲ្យគាត់មានសេចក្ដីសុខទៀតទៅ ទោះបីជាយើងមានទស្សនៈមិនត្រូវគ្នា ចុងក្រោយហ្នឹងក៏ដោយ មិនមែនទាល់តែឃើញគាត់រងគ្រោះហើយ បានថាគាត់រងគ្រោះដែរ ដូចអ្នកផ្សេងអីអ៊ីចឹងដែរ ។ យើងឃើញអ៊ីចឹងមែន បាត់ដំបង អ្នកណាក៏ឃើញអ៊ីចឹង គាត់ក្លាហាន សម្ដីគាត់ អត្ថបទគាត់ ពេលខ្លះរាងធ្ងន់ ទ្រគោះបោះបោកដែរ តែឃើញគាត់មានសំណាងរហូត មានសុវត្ថិភាពរហូតអ៊ីចឹង ។ យ៉ាងណា ខ្ញុំគ្រាន់តែអំពាវនាវទៅអាជ្ញាធរ ជួយស្វែងរកជនប្រព្រឹត្តបទល្មើស កុំឲ្យធ្វើអ៊ីចឹង អាណិតគ្នា ឈាមរហេមរហាមអ៊ីចឹង មើលទៅស្លុតណាស់ យើងគួរបញ្ឈប់អំពើហិង្សាទៅ យើងប្រកួតប្រជែងគ្នាដោយគោលនយោបាយទៅ ប៉ុន្តែគេធ្វើតាមយើង ឬមិនធ្វើ អាហ្នឹងរឿងរបស់គេទេ តែក្នុងដួងចិត្តយើង គឺយើងអំពាវនាវចង់ឲ្យមានសេចក្ដីសុខទាំងអស់គ្នាអ៊ីចឹង អ្នកនយោបាយ អ្នកដែលជាសកម្មជនគាំទ្រនយោបាយ“ ។

           គួររំលឹកដែរថា អ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងកូនប្រុសលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ គឺលោកអេង រតន: បានរៀបការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅវិមានពិភពថ្មីសែនសុខ រាជធានីភ្នំពេញ តែលោកអេង ឆៃអ៊ាង ដែលរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក មិនអាចមកចូលរួមដោយផ្ទាល់បាន ដោយសារលោកមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ។ យ៉ាងណា ក្នុងថ្ងៃកូនប្រុសលោក រៀបការនោះ លោកអេង ឆៃអ៊ាង បានជូនពរកូនពីចម្ងាយ តាមប្រព័ន្ធវីដេអូ មើលមុខគ្នាឃើញ រហូតដល់លោកហូរទឹកភ្នែក និយាយមិនចេញទៀតផង ព្រោះតែរំភើបជំនួសកូនប្រុសបង្កើត និងកូនប្រសាស្រី ដែលបានចាប់ដៃគ្នាកសាងសុភមង្គល ក្រោមការចូលរួមឲ្យពរជ័យពីភ្ញៀវកិត្តិយស ខណៈដែលលោកជាឪពុកបង្កើត និងជាឪពុកក្មេក មិនអាចចូលរួមបាន ព្រោះតែស្ថានភាពនយោបាយបង្ខំឲ្យបន្តរស់នៅក្រៅសុ្រក ក្នុងនាមអតីតថ្នាក់ដឹកនាំអតីតបក្សប្រឆាំង ដែលត្រូវបានតុលាការកម្ពុជា កាត់ទោស ៕ កុលបុត្រ

RELATED ARTICLES