Wednesday, November 27, 2024
Homeព័ត៌មានជាតិថៃរកឃើញជំងឺអុតស្វា

ថៃរកឃើញជំងឺអុតស្វា

ភ្នំពេញ ៖ តាមប្រភពនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ប្រទេសថៃ រកឃើញករណីទី១​ នៃជំងឺអុតស្វា​ ដែលជាករណីនាំចូល​ ។​ ប្រទេសកម្ពុជា ពុំទាន់រកឃើញជំងឺអុតស្វា​ ទេ​ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ករណីសង្ស័យជំងឺអុតស្វា រួមមាន : មានកន្ទួលឬពងបែក លើដៃ​ បាតដៃ​ ជើង​ បាតជើង​ ឬលើមុខ​ និងមានរោគសញ្ញា​មួយឬច្រើន ដូចជា គ្រុនក្តៅលើស​ ៣៨.៥អង្សាសេ​ ឈឺសាច់ដុំ​ ឡើងកូនកណ្តុរ​ ឈឺក្បាល​ ឈឺខ្នង​ ជាដើម។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ​ខែកក្កដា ឆ្នាំ២០២២ ​អង្គការសុខភាពពិភពលោក បាន​ជួបប្រជុំ​ស្តីពី​ជំងឺ​អុត​ស្វា ដើម្បី​វាយតម្លៃ​ថា ​អាចនឹង​ប្រកាសអាសន្ន ​ស្តីពី​សុខភាព​ជាស​កល ឬយ៉ាងណា ក្រោយពេល​រកឃើញ​មាន​ករណី​កើត​ជំងឺ​អុត​ស្វា ដល់​ទៅ ១៤​ពាន់​ករណី នៅ ​៧០​ប្រទេស ​ជុំវិញ​ពិភពលោក​។​

គួរបញ្ជាក់ថា ពាក់ព័ន្ធករណីជំងឺឆ្លងថ្មី អុតស្វា នេះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) ដែលកំពុងរាលដាលលើសកលលោក។

សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា ក្នុងពេលថ្មីៗនេះ បណ្តាប្រទេសចំនួន២៣ នៅលើសកលលោក ដែលមិនមែនជាប្រទេសអត់ដេមីនៃជំងឺនេះ បានរាយការណ៍ជូនអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺអុតស្វា (Monkeypox) មានចំនួនសរុបករណីឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។ បច្ចុប្បន្ននេះ ក្រៅពីករណីចំនួន ២នាក់ ដែលបានរាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក៏មានការរកឃើញករណីឆ្លងលើអ្នកដំណើរម្នាក់ទៀត ដែលបានមកដល់ប្រទេសអូស្ត្រាលី បើយោងតាមសារព័ត៌មានឌឺសាន់ដេលី (the Sundaily) ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដោយបុគ្គលនោះ បានហោះហើរឆ្លងកាត់ព្រលានយន្តហោះនៃប្រទេសថៃ។

ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជា ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយ តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើនរំលឹកជូនប្រជាជនទូទៅ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ មានដូចខាងក្រោមនេះ ៖

១. សម្រាប់ករណីសង្ស័យ ឬករណីឈឺ

– ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹក នៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួន លើសពី ៣៨,៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យ ជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅ នៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។

– ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វា នេះ។

– ត្រូវសាកសួរដល់អ្នកនៅជុំវិញ ជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។

– បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ 2005 (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

២- សម្រាប់ប្រជាជនទូទៅ

– ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

– ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ។

– ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។

– បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វា នេះ។

– ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។

– ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

– បុគ្គលដែលមានចេញកន្ទួលរមាស់ អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ រហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដែរ។

– អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារការចម្លងរោគ នៅក្នុងសហគមន៍របស់ខ្លួន…៕ ខៀវទុំ

RELATED ARTICLES