Wednesday, November 27, 2024
Homeព័ត៌មានជាតិចាប់បង្ខាំង១៣នាក់ មិត្តភក្តិប្តឹងសុំអន្តរាគមន៍

ចាប់បង្ខាំង១៣នាក់ មិត្តភក្តិប្តឹងសុំអន្តរាគមន៍

ខេត្តព្រះសីហនុ ៖ ជនជាតិចិន ប្រុសស្រីចំនួន១៣នាក់ ត្រូវបានគេអះអាងថា ត្រូវគេចាប់បង្ខាំងដោយខុសច្បាប់ នៅក្នុងកាស៊ីណូ អ៊ូវ ហ្សឺ ខាអ៊ុ យៀក ស្ថិតក្នុងក្រុងព្រះសីហនុ។

យោងតាមពាក្យបណ្តឹង របស់ជនជាតិចិន ម្នាក់ ឈ្មោះ Wang Shao Meng ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានទទូចស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីសង្គ្រោះ និងរំដោះក្រុមជនរងគ្រោះទាំងនោះត្រឡប់មកវិញ។

តាមប្រភពពីជនជាតិចិន ឈ្មោះ Wang Shao Meng បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា គាត់បានដាក់ពាក្យបណ្តឹងក្នុងករណីខាងលើនេះ សូមគោរពចូលទៅលោកអភិបាលខេត្តព្រះសីហនុ ក្នុងកម្មវត្ថុ សំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តទៅចំណុចកាស៊ីណូ អ៊ូវ ហ្សឺខា អ៊ុយៀក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន។

ពាក្យបណ្តឹងខាងលើ បានយោងលើលិខិតឆ្លងដែនរបស់ជនរងគ្រោះ ចំនួន១៣នាក់ (ច្បាប់ថតចម្លង) ព្រមទាំងវីដេអូសកម្មភាពដែលជនរងគ្រោះថតផ្ញើមកឱ្យជួយអន្តរាគមន៍ ចំនួន ៣វីដេអូ ទៀតផង។

ពាក្យបណ្តឹង បានរៀបរាប់ថា «សេចក្តីដូចបានចែងនៅក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនឯកឧត្តមអភិបាល មេត្តាជ្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មិត្តភក្តិរបស់ខ្ញុំបាទ ចំនួន១៣នាក់ រួមមាន ៖ ១-ឈ្មោះ Qin ie ភេទប្រុស ២-ឈ្មោះ Xing Jlan ភេទប្រុស ៣-ឈ្មោះ Tang Xiao Xiong ភេទប្រុស ៤-ឈ្មោះ Wang, Kang ភេទប្រុស ៥-ឈ្មោះ Zhang Weitao ភេទប្រុស ៦-ឈ្មោះ Ren Li ភេទស្រី ៧-ឈ្មោះ Mo Xiang Qlu  ភេទប្រុស ៨-ឈ្មោះ Yang Jun ភេទប្រុស ៩-ឈ្មោះ Li Xin ភេទប្រុស ១០-ឈ្មោះ Yin un ភេទប្រុស ១១-ឈ្មោះ Lei Xin Xiong ភេទប្រុស ១២-ឈ្មោះ Mou Shuang ភេទប្រុស និង១៣-ឈ្មោះ Ma Zhi Chao ភេទប្រុស ដែលត្រូវបានគេចាប់បង្ខាំងនៅក្នុងកាស៊ីណូ អ៊ូវ ហ្សឺ ខា  អ៊ុយៀក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានទាក់ទងមកខ្ញុំបាទ ដោយបានប្រាប់ថា ពួកខ្លួនត្រូវបានគេចាប់បង្ខាំង ហើយពួកគេបានទាក់ទងប្តឹងទៅសមត្ថកិច្ចដោយខ្លួនឯង។

ក្នុងពាក្យបណ្តឹង បានបញ្ជាក់ទៀតថា «មុនពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ក្រុមចាប់បង្ខាំង បានមកគំរាមកំហែងមិត្តភក្តិរបស់ខ្ញុំបាទ មិនឱ្យឆ្លើយការពិតឡើយ ដោយខ្លាចការគំរាមកំហែង ពួកគេក៏ព្រមធ្វើតាមការគំរាម ហើយឆ្លើយប្រាប់សមត្ថកិច្ចថា មិនមានការបង្ខាំងនោះទេ។ លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៣រសៀល មិត្តភក្តិរបស់ខ្ញុំបាទ បានទាក់ទងមកម្តងទៀត ដើម្បីឱ្យស្វែងរកការអន្តរាគមន៍ជួយរំដោះពួកគេបានចេញពីការចាប់ឃុំឃាំងវិញ ទើបខ្ញុំបាទសម្រេចចិត្តដាក់ពាក្យប្តឹងទៅឯកឧត្តមអភិបាលខេត្ត ដើម្បីជួយអន្តរាគមន៍រំដោះមិត្តភក្តិខ្ញុំបាទមកវិញ។ មិត្តភក្តិរបស់ខ្ញុំបាទ បានឱ្យព័ត៌មានមកថា ពួកគាត់ទាំង ១៣នាក់ ត្រូវបានបង្ខាំងនៅអគារលេខ៣ ដោយឈ្មោះ Li Xin និងឈ្មោះ Yin Jun ស្នាក់នៅបន្ទប់លេខ៥២ ឈ្មោះ Yang Jun ស្នាក់នៅបន្ទប់លេខ ៥១៦ ឈ្មោះ Lei Xin Xiong និងឈ្មោះ Ren Li ស្នាក់នៅបន្ទប់លេខ ៥១៩ ឈ្មោះ Wang Kang និងឈ្មោះ Ma Shi Chao ស្នាក់នៅបន្ទប់លេខ ៥៦២ ឈ្មោះ Hou Shuang ឈ្មោះ Zhang Wel Tao ឈ្មោះ Qin Jie និងឈ្មោះ Tang Xiao Xiong ស្នាក់នៅបន្ទប់លេខ៥០៣ ហើយពួកគេត្រូវបានបង្ខំឱ្យ ធ្វើការនៅអគារលេខ១ ជាន់ទី៨ ការិយាល័យលេខ ១៨០២ នៃអគារ អ៊ូវ ហ្សឺ ខា អ៊ុយៀក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាល នៃគណអភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ ដើម្បីរំដោះមិត្តភក្តិរបស់ខ្ញុំបាទទាំង ១៣នាក់ បានមានសេរីភាពវិញ ដោយក្តីអនុគ្រោះ។ សូមឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំបាទ…”។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា លោកបានធ្វើកិច្ចការនេះហើយ និងសូមឱ្យខាងដើមបណ្តឹង មកខេត្តព្រះសីហនុ ជាបន្ទាន់ ដើម្បីលោកអាចជួយកិច្ចការគាត់៕

RELATED ARTICLES