ខេត្តកំពង់ធំ ៖ បុរសម្នាក់ ដើរទៅមើលអន្ទាក់នៅខាងក្រោយផ្ទះ បណ្តើរ ស្រែកច្រៀងបណ្តើរ ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែលាន់ឮសំឡេងរន្ទះផាំង! ស្ងាត់សំឡេងឈឹង ធ្វើឱ្យស្ត្រីជាប្រពន្ធនឹកសង្ស័យ ស្ទុះរត់ទៅមើល ក៏ប្រទះឃើញបុរសជាប្តីត្រូវរន្ទះបាញ់ស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធស្រែកទ្រហោយំបោកខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះស៊ន សំ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះលាត គីន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់ និងប្តី ជារៀងរាល់ថ្ងៃ តែងនាំគ្នាទៅចម្ការដំឡូងមី នៅខាងកើតភូមិ។ នៅថ្ងៃកើតហេតុ គាត់ និងប្តី បានទៅចម្ការដូចសព្វដង លុះដល់វេលាម៉ោងប្រហែល ៤រសៀល ស្រាប់តែផ្ទៃមេឃ ខ្មៅងងឹត ហើយក៏មានភ្លៀងរលឹមផងនោះ គាត់ក៏នៅលើខ្ទមចាំចម្ការ ឯប្តី ដើរទៅមើលអន្ទាក់ដាក់សត្វ នៅខាងក្រោយខ្ទម ចម្ងាយប្រហែលជា ១៥០ម៉ែត្រ ដោយគាត់បានឮសំឡេងប្តីស្រែកច្រៀងលេងល្វើយៗ តាមទម្លាប់របស់គាត់។
ស្ត្រីជាប្រពន្ធ បន្តថា លុះមួយសន្ទុះក្រោយមក មេឃធ្លាក់ភ្លៀងខ្លាំង លាយឡំផ្គររន្ទះផង ពេលនោះគាត់បានឮសំឡេងរន្ទះបាញ់ ចេញភ្លើងពណ៌ខៀវ នៅចំណុចកន្លែងដែលប្តីច្រៀង ភ្លាមនោះគាត់បានរត់ទៅមើល ឃើញប្តីដួលផ្កាប់មុខនៅលើដី ហើយបានលើកត្រកងប្តី មកធ្វើចលនាដែរ ប៉ុន្តែប្តីបានស្លាប់បាត់ទៅហើយ តែដោយមិនអស់ចិត្ត គាត់បានទូរស័ព្ទហៅបងប្អូនក្នុងភូមិ នាំគ្នាមកដឹកយកប្តីគាត់ទៅមណ្ឌលសុខភាពសាលាវិស័យ ក្រែងអាចសង្គ្រោះបាន លុះទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ប្តីរបស់គាត់បានស្លាប់ហើយ មិនអាចសង្គ្រោះបានទេ។
ពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យមណ្ឌលសុខភាពឃុំសាលាវិស័យ បានចុះពិនិត្យដល់ទីកន្លែងកើតហេតុ និងសពជនរងគ្រោះ ឃើញថា សពមានស្នាមឆេះខ្លោចនៅចំណុចគូទខាងឆ្វេង និងមួក។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចមិនបានរកឃើញស្លាកស្នាមអ្វីផ្សេងគួរឱ្យកត់សម្គាល់ឡើយ។ តាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ និងការពិនិត្យសពជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕