Wednesday, November 27, 2024
Homeព័ត៌មានជាតិប្លន់ទូរស័ព្ទ កាប់ដាច់ដៃទាំង២ ច្រានទម្លាក់ពីលើដំបូលផ្ទះ

ប្លន់ទូរស័ព្ទ កាប់ដាច់ដៃទាំង២ ច្រានទម្លាក់ពីលើដំបូលផ្ទះ

ភ្នំពេញ ៖ យុវជនជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលសម្រាកពីការងារ បានឡើងទៅលើដំបូលផ្ទះល្វែងកំពុងសាងសង់ ដើម្បីថតសែលហ្វីលេង ស្រាប់តែត្រូវជនមិនស្គាល់មុខ ធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យដាច់ដៃទាំងសងខាង រួចច្រានទម្លាក់ពីលើដំបូលផ្ទះ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ ដោយយកទាំងទូរស័ព្ទរបស់ជនរងគ្រោះទៅជាមួយផង។

ហេតុការណ៍ខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងការដ្ឋានសំណង់ បុរីសុខចម្រើន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល។

យុវជនរងគ្រោះខាងលើ មានឈ្មោះវុទ្ធី អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនរងគ្រោះ ជាកម្មករសំណង់ ដែលត្រូវជនមិនស្គាល់មុខកាប់ប្រហារស្ទើរស្លាប់ស្ទើររស់នោះ ទើបនឹងចូលមកធ្វើការនៅក្នុងការដ្ឋានសំណង់ខាងលើ មួយរយៈពេលខ្លីប៉ុណ្ណោះ។

ប្រភពដដែល បញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ពុំមាននរណាម្នាក់បានឃើញពីសកម្មភាពនៃជនដៃដល់ ឬដឹងថាជនដៃដល់មានគ្នាប៉ុន្មាននាក់នោះទេ ប៉ុន្តែគេដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះខាងលើ ក្រោយពេលសម្រាកពីការងារសំណង់ ក៏បានឡើងទៅចុចទូរស័ព្ទ និងថតសែលហ្វីលេងតែម្នាក់ឯង នៅជាន់ខាងខាងលើដំបូលនៃសំណង់ផ្ទះល្វែងដែលកំពុងសាងសង់នោះ។ លុះក្រោយមក ស្រាប់តែឃើញជនរងគ្រោះរូបនេះធ្លាក់ពីជាន់លើ ស្ថិតក្នុងស្ថានភាពរបួសរយះក្បាល ហូរឈាមជោកខ្លួន និងដាច់ដៃទាំងសងខាងទៀតផង ទើបកើតមានការភ្ញាក់ផ្អើលឆោឡោ ហើយនាំគ្នាទៅមើល ដឹងថាត្រូវជនមិនស្គាល់មុខ លួចកាប់ រីឯជនដៃដល់ បានគេចខ្លួនបាត់។

ប្រភពខាងលើ បានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ យុវជនរងគ្រោះបានបាត់បង់ទូរស័ព្ទ ១គ្រឿង ដោយសង្ស័យជនដៃដល់យកទៅ ទើបគេសង្ស័យថា ករណីនេះ អាចជាករណីកាប់ប្លន់ទូរស័ព្ទ។ បន្ទាប់មក ជនរងគ្រោះ ត្រូវបានសាច់ញាតិ និងអ្នករួមការងារ ហៅរថយន្តពេទ្យ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញខណ្ឌកំបូល បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវវែកមុខជនដៃដល់ នាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES