Wednesday, November 27, 2024
Homeព័ត៌មានជាតិ៣នាក់ ដេញធាក់ប្លន់ម៉ូតូ

៣នាក់ ដេញធាក់ប្លន់ម៉ូតូ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋស្រុកស្អាង បានស្រុះគ្នាឡោមព័ទ្ធចាប់ខ្លួនក្រុមចោរធាក់ប្លន់ម៉ូតូនៅតាមផ្លូវ បានចំនួន២នាក់ រីឯម្នាក់ទៀត រត់គេចខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចស្រុកស្អាង បន្ទាប់ពីធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិ២១ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះសិច ប៊ុនលី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង។ ចំណែកជនសង្ស័យ មានគ្នាចំនួន៣នាក់ រួមមាន ៖ ទី១-ឈ្មោះនឿន វណ្ណារ៉ា អាយុ១៦ឆ្នាំ ទី២-ឈ្មោះឡុង ច័ន្ទបូឫទ្ធិ អាយុ២១ឆ្នាំ ជនទាំងពីរមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ចាប់ឃាត់ខ្លួន) និងទី៣-ពុំស្គាល់ឈ្មោះ (រត់គេចខ្លួន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញ ទៅផ្ទះ នៅឃុំព្រែកអំបិល។ ពេលដល់ផ្លូវកោង នៅភូមិផ្លូវបំបែក ជនសង្ស័យជិះម៉ូតូ ១គ្រឿង គ្នា៣នាក់ បានធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល ហើយជនសង្ស័យឈ្មោះនឿន វណ្ណារ៉ា លើកម៉ូតូរបស់ជនរងគ្រោះ ជិះចេញ ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរ!ៗ ក៏ត្រូវបានឈ្មោះហ៊ សុខម៉ិញ នៅក្បែរនោះ រត់ជួយដេញចាប់បានជនសង្យ័យ ឈ្មោះឡុង ច័ន្ទបូឫទ្ធិ។ ចំណែកជនសង្ស័យឈ្មោះ នឿន វណ្ណារ៉ា រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកវិល ចាប់បាន។ រីឯជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ឈ្មោះនឿន វណ្ណារ៉ា និងឈ្មោះ ឡុង ច័ន្ទបូឫទ្ធិ បានឆ្លើយថា ក្រុមខ្លួនមានគ្នា ៣នាក់ ជិះមកពីភ្នំពេញ មកដល់ស្រុកស្អាង ម៉ោង៥ភ្លឺ បានធ្វើសកម្មភាពធាក់ម៉ូតូនៅស្វាយតានី ឃុំព្រែកគយ តែយកមិនបាន។ បន្ទាប់មក ក៏ជិះចុះទៅដល់ឃុំកោះខែល ហើយបានធ្វើសកម្មភាពធាក់ម៉ូតូមួយគ្រឿងទៀត តែយកមិនបាន ក៏ជិះឡើងមកភ្នំពេញ វិញ ដល់ផ្លូវកោងឃុំទឹកវិល ក៏បានធ្វើសកម្មភាពធាក់យកម៉ូតូបាន តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់ខ្លួនបានទាំង២នាក់តែម្តង ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួន។

ករណីនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកស្អាង បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES