ភ្នំពេញ ៖ បុរសម្នាក់ បានបាត់ខ្លួនដោយមិនដឹងមូលហេតុ ទើបក្រុមគ្រួសារមានការព្រួយបារម្ភ ក៏រត់ទៅប្តឹងសមត្ថកិច្ច បែរជាបែកធ្លាយរឿងបុរសនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធទៅនឹងករណីប៉ុនប៉ងចាប់រំលោភក្មេងស្រី តែត្រូវសាច់ញាតិក្មេងស្រីរងគ្រោះ តាមទាន់ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១១នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិថ្មី សង្កាត់ស្ទឹង មានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៩និង១១នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលបណ្តឹងពីនារីម្នាក់ ពីករណីបាត់បងប្រុស នៅចំណុចភូមិថ្មី សង្កាត់ស្ទឹង មានជ័យ១ ខណ្ឌមានជ័យ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកអ៊ុក បូនី អធិការនគរបាលខណ្ឌមានជ័យ ដើម្បីជួយអន្តរាគមន៍ ស្រាវជ្រាវបន្ទាន់។
តាមប្រភពពីលោកអ៊ុក បូនី អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ឃើញថា បុរសដែលបាត់ខ្លួនខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ បាននាំខ្លួនបុរសខាងលើ មកកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ប្តឹងចោទប្រកាន់ថា បានប៉ុនប៉ងរំលោភក្មេងស្រីរងគ្រោះ នៅចំណុចក្នុងដីឡូត៍មួយកន្លែង តែករណីនេះត្រូវបានសមត្ថកិច្ចបញ្ជូនជនសង្ស័យ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម វិញ ព្រោះទីកន្លែងកើតហេតុ ស្ថិតនៅផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភ សេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ ប្រាកដមែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌសែនសុខ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថកិច្ចរួចមក នារីជាប្អូនរបស់ជនសង្ស័យ បានថ្លែងអំណរគុណដល់សមត្ថកិច្ច ១១៧ ដែលជួយឱ្យដឹងពីទីកន្លែងឃាត់ខ្លួនបងប្រុសរបស់នាង៕