Wednesday, November 27, 2024
Homeព័ត៌មានជាតិហែលទឹកភ្នំគូលែន លង់ស្លាប់

ហែលទឹកភ្នំគូលែន លង់ស្លាប់

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាជនជាតិម៉ុងហ្គោលី ២នាក់ បានធ្វើដំណើរតាមម៉ូតូកង់បី ១គ្រឿង ឡើងទៅលេងកម្សាន្តនៅលើខ្នងភ្នំគូលែន លុះទៅដល់យ៉ាងសប្បាយ ស្រាប់តែក្រោយមក បុរសជាជនជាតិម៉ុងហ្គោលី បានបបួលបុរសជាអ្នកបើកម៉ូតូកង់បី ហែលឆ្លងទឹក ពីម្ខាង ទៅម្ខាង លុះហែលដល់ពាក់កណ្តាលផ្លូវ ហត់ពេក ខ្សោះខ្យល់ ក៏បណ្តាលឱ្យលិចចូលទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ GANZORIG MYAGMARDORJ ភេទប្រុស អាយុ២៦ឆ្នាំ (កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦)  ជាអ្នកទេសចរជនជាតិម៉ុងហ្គោលី (MONGOLIA) កាន់លិខិតឆ្លងដែនលេខ E 2778114។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកលេងទឹកធ្លាក់ព្រះអង្គធំ ជាមួយមិត្តភក្តិម្នាក់ទៀត ឈ្មោះ OYUNTSENGEL MOHTOJIYGIC ភេទស្រី អាយុ៤៤ឆ្នាំ (កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨) កាន់លិខិតឆ្លងដែន E 3056972 និងជាមួយនឹងអ្នកបើកម៉ូតូកង់បីម្នាក់ ឈ្មោះរឿន រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។

របាយការណ៍ដដែល បន្តថា ពេលមកដល់ចំណុចទឹកធ្លាក់ អ្នកទាំង៣ បាននាំគ្នាចុះលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន ១៥នាទី ជនរងគ្រោះបានជូនមិត្តភិក្តឈ្មោះ OYUNTSENGEL MOHTOJIYGIC មកទុកនៅមាត់ច្រាំងម្ខាង រួចក៏បានបបួលអ្នកបើកម៉ូតូកង់បី ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅ ជនរងគ្រោះមានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្ម តែដោយសារផ្ទាំងថ្មមានស្លែ រអិល ធ្វើឱ្យជនរងគ្រោះតោងមិនជាប់ ក៏លិចចូលទឹកបាត់ទៅ។ ចំណែកអ្នកបើកម៉ូតូកង់បី ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះដែរ តែចាប់មិនជាប់ ដោយសារតែខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដូចគ្នា ទើបស្រែកហៅឱ្យភ្ញៀវទេសចរដទៃទៀត ជួយរាវរកជនរងគ្រោះ តែរកពុំឃើញ រហូតដល់វេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃដដែល ទើបរាវរកសពជនរងគ្រោះឃើញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យមិត្តភក្តិ ដើម្បីចាត់ចែងបន្ត៕

RELATED ARTICLES