ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជាឃាតករម្នាក់ ដែលបានធ្វើសកម្មភាពសម្លាប់នារីសង្សាររបស់ខ្លួន ប្លន់យកគ្រឿងអលង្ការ និងម៉ូតូ រួចយកសពទៅប្លុងចោលនៅក្នុងចម្ការដំឡូង បន្ទាប់មកបានរត់គេចខ្លួនពីស្រុកមណ្ឌលសីមា ខេត្តមណ្ឌលគិរី ទៅសម្ងំលាក់ខ្លួនអស់រយៈពេលជិត ១ខែ មកហើយនោះ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន នៅក្នុងទឹកដីស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ករណីឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា។ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាន នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ។ ចំណែកនារីរងគ្រោះ មានឈ្មោះ សារិក ហៅលិ អាយុប្រហែល ២២ឆ្នាំ មានលំនៅ ភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រវាងជនសង្ស័យ និងនារីរងគ្រោះ ត្រូវជាគូសង្សារនឹងគ្នា ហើយនៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យ បានណាត់ឱ្យនារីរងគ្រោះ ជិះម៉ូតូមកទទួលខ្លួន រួចក៏ល្បួងនារីរងគ្រោះជាសង្សារ យកទៅសម្លាប់នៅក្នុងចម្ការដំឡូង ស្ថិតក្នុងភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា ដើម្បីប្លន់យកម៉ូតូនិងគ្រឿងអលង្ការនៅលើខ្លួននារីរងគ្រោះ។ បន្ទាប់មក ជនសង្ស័យ បានព្យាយាមរត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅខេត្តត្បូងឃ្មុំ តែទីបំផុតត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន លេខ០៣ អ.យ.ឃ/២២ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន បានបញ្ជាក់ថា ក្រោយចាប់ខ្លួន កម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅត្រង់ចំណុចក្នុងចម្ការដំឡូងមី ១កន្លែង ស្ថិតនៅក្នុងភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា ដោយសាកសពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅកណ្តាលចម្ការដំឡូង ដោយសាកសពបានរលួយសាច់អស់ទៅហើយ នៅសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាលប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីប្រទះឃើញសាកសពនៅក្នុងចម្ការដំឡូងមី ត្រង់ចំណុចមូលដ្ឋានខាងលើ។ ក្រោយពីទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានចុះមកដល់កន្លែង កើតហេតុ នៅវេលាម៉ោង ១រសៀល ក៏បានឃើញមានសាកសពដែលបានស្លាប់ប្រហែល ១០ថ្ងៃមកហើយ។
តាមការពិនិត្យស្ថានភាពសាកសព ឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ដឹងថា ជាមនុស្សស្រី អាយុប្រហែល២០ឆ្នាំ ពាក់អាវក្រឡាការ៉ូ ពណ៌លឿង ស្លៀកខោខាប៊យពណ៌ប្រផេះ។
ក្រោយពីសមត្ថកិច្ចជំនាញសហការគ្នាបើកការស៊ើបអង្កេតនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ក៏កំណត់បានអត្តសញ្ញាណនារីរងគ្រោះ និងឈានដល់កំណត់មុខសញ្ញាជនសង្ស័យជាឃាតករ ដែលជាសង្សាររបស់នារីរងគ្រោះ ហើយមូលហេតុដែលនាំឱ្យឈានដល់ការសម្លាប់គូស្នេហ៍បែបនេះ គឺដើម្បីប្លន់យកគ្រឿងអលង្ការ និងម៉ូតូរបស់នារីរងគ្រោះ។ ទីបំផុតឈាមស្រែកស្បែកហៅ ជនដៃដល់ជាឃាតករ ដែលព្យាយាមរត់ទៅសម្ងំលាក់ខ្លួនអស់រយៈពេលជិត ១ខែនោះ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកផ្តន្ទាទោសតាមច្បាប់៕