ភ្នំពេញ ៖ អ្នកស្រីដេត ម៉ាលីណា អតីតភរិយាលោកឌួង ឆាយ បានបន្តទម្លាយសារឈឺចាប់ ដែលត្រូវលោកឌួង ឆាយ បំបែកកូន២នាក់ ពីអ្នកស្រីជាម្តាយ ជាពិសេស អ្នកស្រីលើកឡើងថា កាលពី ៣ឆ្នាំមុន ថ្ងៃដែលអ្នកស្រីសម្រាលកូនស្រីពៅ គ្រោះថ្នាក់និងឈឺចាប់ខ្លាំងបំផុត តែថ្ងៃខួបកំណើតកូនស្រី អាយុ៣ឆ្នាំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ រឹតតែឈឺចាប់ជាងថ្ងៃកើតកូនទៅទៀត ពីព្រោះអ្នកស្រីមិនបានជួបកូន អស់រយ:ពេល ៣១ថ្ងៃមកហើយ សូម្បីតែសំឡេងក៏មិនបានឮ កុំថាជួបមុខកូន។
អ្នកស្រីដេត ម៉ាលីណា បានបង្ហោះវីដេអូ និងរូបភាពពេលពពោះកូនស្រីពៅ និងក្រោយសម្រាល រួមទាំងរូបភាពអតីតកាល កាលនៅជុំកូនប្រុសស្រីទាំងបី ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ជាមួយសំណេរថា «ក្នុងរូបភាពចាស់ពីមុន My special time with my princess Duong Reachnikuch ឌួង រាជនីគុជ 3years។
រីករាយថ្ងៃខួបកំណើតកូនស្រី ភឺល សំណព្វចិត្តម្តាយ 26.07.2022 ថ្ងៃនេះ កាលពី ៣ឆ្នាំមុនដែលម៉ាក់គ្រោះថ្នាក់និងខ្លាច និងឈឺចាប់ខ្លាំងបំផុត នៅពេលដែលម៉ាក់ឈឺពោះកើតកូន ហើយថ្ងៃនេះដែរ វារឹតតែឈឺជាងថ្ងៃកើតកូនទៅទៀត ពីព្រោះម៉ាក់មិនបានជួបកូន អស់រយ:ពេល ៣១ថ្ងៃមកហើយ សូម្បីតែសំឡេងក៏មិនបានឮ កុំថាជួបមុខ ហើយមួយទៀត ថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់កូនទៅទៀត តើពេលណាទៅ ទើបម៉ាក់អាចបានជួបកូន និងបងឌុប វិញ? រាល់ថ្ងៃ ម៉ាក់សំដែងធ្វើសើច ដើម្បីបន្លប់ទុក្ខទេ មិនចង់ឲ្យអ្នកផ្ទះបារម្ភ និងមកលំបាកជាមួយម៉ាក់ទេ។ កាលឆ្នាំមុន អូនអាយុ ២ឆ្នាំ យើងអាចធ្វើកម្មវិធីយ៉ាងសប្បាយ ជួបជុំគ្នាបាន ចុះឆ្នាំនេះ កូនស្រីម៉ាក់ អាយុ ៣ឆ្នាំ ហើយនេះម៉ាក់មានអារម្មណ៍ដូចជាបាត់បង់អ្វីម្យ៉ាងនៅក្នុងជីវិត ខ្ញុំរឹងមាំខ្លាំងពេកហើយដែលអាចបន្តរស់ដល់រាល់ថ្ងៃនេះ»។
អ្នកស្រី ដេត ម៉ាលីណា សរសេរបន្តថា «អារម្មណ៍ម្ដាយបែកកូនពីរនាក់ អស់រយ:ពេល ៣១ថ្ងៃយូរណាស់ ពិបាកចិត្តណាស់ និងមិនដឹងពេលណាបានជួបកូនវិញ? ខ្ញុំខំសំដែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា អ្នកធ្វើម្ដាយគេ គឺយល់អារម្មណ៍នេះថា វាឈឺចាប់ប៉ុនណា? សូម្បីតែសំឡេងក៏មិនដឹងនិយាយជាមួយកូនតាមណា កុំថាជួបមុខកូនខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថា ការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះ អស់រយ:ពេល ៣១ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយ នាងខ្ញុំមានតែម្រាមដៃដប់ទេដែលពឹងទៅលើប្រព័ន្ធផ្លូវច្បាប់នឹងជួយរកយុត្តិធម៌ឲ្យខ្ញុំ ឲ្យបានឆាប់ៗ»៕