Wednesday, November 27, 2024
Homeព័ត៌មានជាតិម៉ែកូនជិះម៉ូតូធ្លាក់ទឹក លង់ស្លាប់

ម៉ែកូនជិះម៉ូតូធ្លាក់ទឹក លង់ស្លាប់

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ បាននាំកូនប្រុសនិងក្មួយប្រុសម្នាក់ ជិះម៉ូតូចេញទៅកាប់ឫស្សី លុះត្រឡប់មកវិញ ស្រាប់តែ ជ្រុលចង្កូតម៉ូតូធ្លាក់ចូលត្រពាំងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់ ២នាក់ម្តាយនិងកូនប្រុស អាយុ៩ឆ្នាំ ចំណែកក្មួយប្រុស អាយុ១២ឆ្នាំ បានប្រវេប្រវាហែលឡើងគោកទាន់ពេល បានរួចរស់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចត្រពាំងស្លាកែត ស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ជនរងគ្រោះទាំង២នាក់ម្តាយកូនដែលជិះម៉ូតូធ្លាក់ទឹកស្លាប់ ទី១-ស្ត្រីជាម្តាយ ឈ្មោះធឿង ឈឺអី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប និងទី២-កូនប្រុសឈ្មោះធង់ សុវណ្ណបញ្ញា អាយុ៩ឆ្នាំ មុខរបរ សិស្ស។ ចំណែកក្មួយប្រុសដែលរួចរស់ជីវិត មានឈ្មោះមី អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើត ហេតុខាង លើជាមួយគ្នា។

តាមការបំភ្លឺពីឈ្មោះដាំ ធៀង ភេទប្រុស អាយុ៦៣ឆ្នាំ ត្រូវជាឪពុករបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើត ហេតុ កូនស្រីគាត់បានប្រាប់ថា ចង់បានដើមឫស្សី មកធ្វើរបងដើម្បីហ៊ុមព័ទ្ធផ្ទះ ប្រហែល៦០០ម៉ែត្រ។ បន្ទប់មក កូនស្រី របស់គាត់ ក៏បាននាំកូនប្រុសដែល ទើបនឹងមានអាយុ ៩ឆ្នាំ ទៅកាប់ឫស្សី ចំណែកគាត់ឃើញបែបនេះ ក៏ប្រើឱ្យចៅម្នាក់ ទៀតឈ្មោះមី ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាក្មួយសព ទៅជួយសែងឫស្សី ស្រាប់តែក្រោយមក ឈ្មោះមី បានរត់មក ប្រាប់គាត់ថា កូនស្រីគាត់ និងកូនប្រុសនាង បានជិះម៉ូតូធ្លាក់ទឹកស្លាប់បាត់ហើយ។

បុរសជាឪពុក បន្តថា មុនកើតហេតុ ក្រោយពីកាប់ឫស្សីបានហើយ កូនស្រីរបស់គាត់ បានឡើងជិះម៉ូតូ ដឹកកូននិងក្មួយប្រុស ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ត្រង់ចំណុចត្រពាំងស្លាកែត ដែលជាបឹងបុរាណ ទើបនឹងស្តារ ស្ថិតនៅក្នុងភូមិប្រយុទ្ធ សង្តាត់ទឹកវិល ក្រុងសៀមរាប បែរជាជ្រុលចង្កូតម៉ូតូធ្លាក់ចូលទឹកត្រពាំងនោះតែម្តង ហើយសំណាងល្អ ចៅប្រុសឈ្មោះមី ដែលអង្គុយពីមុខ បានស្រវាឡើងគោកទាន់ ទើបរត់មកប្រាប់គាត់ ធ្វើឱ្យកើតមានការផ្អើលឆោឡា នាំគ្នាទៅជួយរាវរកដែរ តែមិនឃើញសោះ រហូតដល់វេលាម៉ោង ១២ថ្ងៃត្រង់ ទើបរកឃើញសពទាំង២នាក់ម្តាយកូន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ម្តាយកូន ពិតជាស្លាប់ដោយសារឈ្លក់ទឹក ប្រាកដមែន។

សព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES