Wednesday, November 27, 2024
Homeព័ត៌មានជាតិប្រពន្ធវេចបង្វេចរត់ចោលប្តី ខឹងបងស្រីស្តីបន្ទោស

ប្រពន្ធវេចបង្វេចរត់ចោលប្តី ខឹងបងស្រីស្តីបន្ទោស

ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ ខឹងបងស្រីបង្កើតរបស់ខ្លួន ទើបមកពីអាមេរិក ស្តីបន្ទោសនៅចំពោះមុខភ្ញៀវ រឿងនាងផឹកស៊ីជាមួយក្រុមគ្រួសារ មិត្តភក្តិ ដល់យប់ជ្រៅ ក៏វេចបង្វេចរត់ចេញពីផ្ទះបាត់ដំណឹងឈឹង ធ្វើឱ្យក្រុមគ្រួសារ ពិសេសបុរសជាប្តី ភ័យឆោឡោ តាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយតាមរកថែមទៀត ចុងក្រោយទទួលបានដំណឹងថា ប្រពន្ធបានឆ្លងដែនចូលប្រទេសថៃ ទៅដល់ទីក្រុងបាងកក ទៅហើយ។

ស្ត្រីដែលរត់ចោលប្តីនោះ មានឈ្មោះ ឆន ស្រីគីន ហៅទៀន អាយុ ២៤ឆ្នាំ មានប្តីឈ្មោះវិន ស៊ាត អាយុ៤២ឆ្នាំ មានលំនៅ ភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ប្តីប្រពន្ធនេះ បានរៀបការជាមួយគ្នា អស់រយៈពេលជាង៣ឆ្នាំមកហើយ អត់ទាន់មានកូននៅឡើយទេ។

 តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសជាប្តី ឈ្មោះវិន ស៊ាត ដោយបានរាយការណ៍ពីករណីបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ ឆន ស្រីគីន ហៅទៀន ដោយមិនដឹងមូលហេតុ និងស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកប្រពន្ធរបស់ខ្លួនមកវិញផង។ លុះក្រោយពីទទួលដំណឹងកាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ថា ប្រពន្ធរបស់ខ្លួនកំពុងស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បុរសជាប្តី ឈ្មោះ វិន ស៊ាត មានការសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា។ បន្ទាប់មក នៅពេលដែលសមត្ថកិច្ច សាកសួរ ទើបដឹងមូលហេតុដែលនាងឆ្លងដែនទៅទីក្រុងបាងកកប្រទេសថៃ ដោយសារតែនាងតូចចិត្តនឹងបងស្រីបង្កើតម្នាក់ ទើបមកពីសហរដ្ឋអាមេរិក ស្តីបន្ទោសនៅមុខភ្ញៀវ រឿងនាងផឹកស៊ីជាមួយក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ រហូតដល់យប់ជ្រៅ។

តាមប្រភពពីឪពុកស្ត្រីវ័យក្មេងដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា កូនស្រីរបស់គាត់ (ឆន ស្រីគីន ហៅទៀន) ឆ្លងដែនទៅទីក្រុងបាងកក ប្រទេសថៃ ដោយសារតែតូចចិត្តនឹងបងស្រីបង្កើតម្នាក់ ឈ្មោះស្រីនីត ទើបមកពីសហរដ្ឋអាមេរិក បាន ប្រហែលជាង២ខែ ស្តីបន្ទោសនាង រឿងផឹកស៊ីជួបជុំបងប្អូន មិត្តភក្តិ រហូតដល់យប់ជ្រៅ ដោយបងស្រីនាងស្តីប្រដៅនៅមុខភ្ញៀវ ខណៈដែលកំពុងតែជួបជុំផឹកស៊ី ធ្វើឱ្យនាងខ្មាសគេយ៉ាងខ្លាំង ក៏លួចឆ្លងដែន ទៅស្នាក់នៅប្រទេសថៃ។ លុះភ្ញាក់ខ្លួន ក៏ទូរស័ព្ទមករកអ្នកផ្ទះ និងប្តី ផ្តល់ដំណឹងឱ្យគ្រប់គ្នាតែម្តង។

ឪពុកស្ត្រីរូបនោះ បន្តទៀតថា ដោយសារតែមានការអង្វរករពីប្តី និងឪពុកម្តាយ នៅវេលាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នាងបានធ្វើដំណើរឆ្លងដែន ត្រឡប់មកខេត្តប៉ៃលិន វិញ ហើយការឆ្លងដែនទៅប្រទេសថៃ នេះ មិនមានបញ្ហាទាក់ទងរឿងរ៉ាវមានអ្នកថ្មី ឬខឹងឈ្លោះទាស់ទែងនឹងប្តីអ្វីនោះទេ៕

RELATED ARTICLES