ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកជារៀងរាល់ថ្ងៃ លុះអត់ហូបបាយហូបទឹកអស់រយៈពេល៣ថ្ងៃ ក៏កើតអាការខ្យល់គរ ដេកស្តូកស្តឹងនៅលើគ្រែមុខផ្ទះ ពេញ១យប់ ដោយគ្មានអ្នកណាម្នាក់បានដឹងសោះ លុះប្រពន្ធបើក ទ្វារមកឃើញ ចូលទៅស្ទាបមើល ទើបដឹងថា ស្លាប់រឹងស្តូកទៅហើយ។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១៩នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនរងគ្រោះខាងលើ មានឈ្មោះម៉ាច លាភ ភេទប្រុស អាយុ៥៧ឆ្នាំ មានលំនៅបច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារសព បានឱ្យដឹងថា ជនរងគ្រោះ គឺជាមនុស្សញៀនស្រា ពេលណាអត់បានហូបស្រា តែងញ័រដៃញ័រជើង ធ្វើអ្វីមិនកើតនោះទេ។ លុះពេលគាត់ហូបស្រាម្តងៗ ចាប់តាំងពីព្រឹក រហូតដល់ល្ងាច ទើបដើរចូលផ្ទះ។ មុនកើតហេតុ គាត់ហូបស្រាច្រើន ជារៀង រាល់ថ្ងៃ និងមិនពិសាបាយសោះ អស់រយៈពេល ៣ថ្ងៃមកហើយ ទោះជាប្រពន្ធកូនហៅបង្ខំឱ្យហូបបាយយ៉ាងណា ក៏គាត់ប្រាប់ថា មិនឃ្លាន។
ប្រភពដដែល បន្តថា លុះមកដល់ព្រឹកថ្ងៃកើតហេតុ ពេលដែលក្រុមគ្រួសារបើកទ្វារចេញមកក្រៅ ក៏ប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងនៅលើគ្រែខាងមុខផ្ទះ ទើបនាំគ្នាចូលទៅអង្រួនដាស់ ស្រាប់តែឃើញជនរងគ្រោះ បានស្លាប់រឹងស្តូកទៅហើយ មិនដឹងថាស្លាប់តាំងពីថ្មើរណាឡើយ។ បន្ទាប់មក ក្រុមគ្រួសារ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយពីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ ព្រមទាំងក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។ មូលហេតុផឹកស្រាជាប្រចាំ និងមិនហូបអាហារ ទើបបណ្តាលឱ្យកើតអាការខ្យល់គរស្លាប់បែបនេះតែម្តង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណី៕