ខេត្តត្បូងឃ្មុំ៖ បុរសចិត្តខ្លាំងម្នាក់ បានផឹកស្រាស្រវឹងបង្កទំនាស់ជាមួយនឹងប្រពន្ធរបស់ខ្លួន ហើយខឹងពេកទប់ចិត្តមិនបាននោះ ក៏ដុតផ្ទះឆេះឡើងម៉ដ្ឋតែម្តង ។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង៥ និង៣៧នាទីល្ងាចថ្ងៃទី១០ ធ្នូ ២០១៦ ហើយត្រូវបានកម្លាំងសមត្ថកិច្ចមកឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ឲ្យដឹងថា បុរសខាងលើ មាន ឈ្មោះ រស់ សុភ័ក្ត្រ អាយុ២៨ឆ្នាំ រស់នៅភូមិរកាឃ្មួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ មានស្រុកកំណើតនៅខេត្តបាត់ដំបង លុះពេលដែលមកយកប្រពន្ធនៅភូមិរកាឃ្មួចជើង ដែលមានជីវភាពក្រីក្រអ្នកភូមិអាណិត ក៏បានរាយលុយគ្នាជួយទិញឈើមកធ្វើផ្ទះបាន១ខ្នងសម្រាប់នៅបានតែជាង១ឆ្នាំនេះ បែរជាចរិតមិនកើតចូលចិត្តតែផឹកស៊ី និងបានបង្កហឹង្សាលើជាប្រពន្ធញឹកញាប់ថែមទៀត ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងបន្ដថា នៅពេលមុនកើតហេតុ បុរសម្នាក់នេះ បានចេញពីផ្ទះដើរទៅផឹកស៊ីតាមតៀមលក់ស្រាក្នុងភូមិ រហូតដល់ទៅស្រវឹងធ្លាក់ភ្នែក លុះពេលដែលត្រឡប់មកដល់ផ្ទះវិញ បានបង្កជម្លោះជាមួយនឹងប្រពន្ធថែមទៀត ។ ហេតុតែទ្រាំនឹងការជេរប្រមាថមាក់ងាយមិនបានពីសំណាក់ប្តីនោះ ស្ត្រីប្រពន្ធបានដើរគេចទៅផ្ទះអ្នកភូមិក្បែរនោះ ។
ប្រភពដដែលបន្ដថា ក្នុងពេលដែលប្រពន្ធរបស់ខ្លួនបានចេញទៅផុតនោះ ក៏ក្តៅក្រហាយក្នុងចិត្តមួរហ្មងខ្លាំងពេក ក៏បានដុតផ្ទះខ្លួនឯងឆេះឡើងហុយផ្សែងទ្រលោមតែម្តង ។ ពេលដែលឃើញហេតុការណ៍ដូច្នេះបុរសប្រមឹកនេះ បានដេញពលរដ្ឋដែលមកជួយពន្លត់ភ្លើងចេញទៅវិញ ទោះជាបែបនេះក្តី ភ្លើងមិនបានថមថយនោះទេ រឹតតែឆេះខ្លាំងឡើងៗផ្សែងហុយយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស បានឆេះក្លាយទៅជាផេះផង់អស់រលីងតែម្តង ។ ចំពោះទ្រព្យដែលបានបាត់បង់ក្នុងនោះមានដូចជា ផ្ទះឈើ១ខ្នងទំហំ៤គុណ៥ម៉ែត្រ ប្រក់ដែកស័ង្កសី ជញ្ជាំងបាំងធាងដូង ឆ្នាំងសម្ល៣ ចានបាយ៧ អង្គ១គីឡូក្រាម ភួយ២ មុង១ កន្ទេល១ និងខោអាវចាស់ថ្មី៥កំប្លេ។
ក្រោយពីកើតហេតុ ស្ត្រីជាប្រពន្ធបានសម្រេចចិត្ដដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យចាត់វិធានការណ៍ប្តីនាងទៅតាមច្បាប់ ៕