Wednesday, November 27, 2024
Homeព័ត៌មានជាតិលួចម៉ូតូ២គ្រឿង គេចខ្លួន២ថ្ងៃ ជាប់ខ្នោះ

លួចម៉ូតូ២គ្រឿង គេចខ្លួន២ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ បានចំនួន ២គ្រឿង ក្នុងថ្ងៃតែមួយ និងព្យាយាមគេចទៅសម្ងំលាក់ខ្លួនបានត្រឹម២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមវ៉ៃខ្នោះ ដល់បន្ទប់ជួល នាំយកមកចាត់ការតាមច្បាប់។

ការចាប់ឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកូ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលក្រុង និងនគរបាលប៉ុស្តិ៍ បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ឈ្មោះភាន់ រតនៈ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានអូសម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-2623 ចេញពីក្នុងបន្ទប់ដាក់មុខបន្ទប់ ហើយចូលក្នុងបន្ទប់វិញ ដោយមិនបានដកសោពីម៉ូតូ ក៏ស្រាប់តែត្រូវចោរលួចយកទៅបាត់។

ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះម៉េង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្តឹងរៀបរាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០យប់ ជនសង្ស័យបានចូលលួចម៉ូតូរបស់គាត់ ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-9046 ដែលបញ្ឈរទុកនៅមុខផ្ទះ ពុំបានដកកូនសោចេញពីម៉ូតូ ជិះទៅបាត់ ចំណែកម៉ូតូរបស់ជនសង្ស័យ ទុកចោលនៅកន្លែងកើតហេតុ។

លោកអធិការក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ពេលទទួលបានពាក្យប្តឹងហើយ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះកូ ធារ៉ា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងវត្ថុតាង ម៉ូតូ២គ្រឿង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ខាងលើ ប្រាកដមែន។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវបានដកហូត និងប្រគល់ជូនម្ចាស់ដើមទាំង២នាក់វិញផងដែរ៕

RELATED ARTICLES