ភ្នំពេញ ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញាតាន់ សុផា ហៅជេសស៊ីកា បានប្រកាសឲ្យអ្នកនាងព្រំ រដ្ឋា តារាសម្តែង និងជាអតីតពិធីការិនីល្បីឈ្មោះ ដែលសព្វថ្ងៃជាម្ចាស់ផលិតកម្ម PR ចូលខ្លួនដោះស្រាយបំណុល ដែលបានឲ្យនាងទៅខ្ចីគេ ថាតែ ២អាទិត្យទេ តែមកដល់ឥឡូវ ៥ខែហើយ មិនទាន់សង។
កញ្ញាតាន់ សុផា ហៅជេសស៊ីកា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ថា «សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានឲ្យខ្ញុំទៅខ្ចីពីគេ ចំនួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំ ថាតែ ២អាទិត្យទេ តែមកដល់លូវ ៥ខែហើយ សូមបងកុំធ្វើបាបខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ»។
ជុំវិញករណីនេះ កញ្ញាជេសស៊ីកា បានបញ្ជាក់ថា កញ្ញាបានទុកមុខឲ្យអ្នកនាងព្រំ រដ្ឋា ច្រើនខែមកហើយ ទើបសម្រេចប្រកាសបែបនេះ។
ពាក់ព័ន្ធករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីកញ្ញាជេសស៊ីកា បានទេ កាលពីម្សិលមិញ។
ចំណែកអ្នកនាងព្រំ រដ្ឋា ក៏មិនអាចសុំការបកស្រាយបំភ្លឺបានដែរនៅថ្ងៃដដែលនោះ។ ប៉ុន្តែអ្នកនាងព្រំ រដ្ឋា បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅល្ងាចថ្ងៃដដែលនោះថា អ្នកនាងមិនដែលបានគេចវេះពីការពិត ឬបោកប្រាស់បុគ្គលណាទេ តែការធ្វើការរកស៊ី តែងតែមានការខ្វះខាត និងដោយសារបញ្ហាកូវីដ-១៩ រយ:ពេលពីរបីឆ្នាំនេះ ធ្វើឲ្យការងារអ្នកនាងខាតបង់យ៉ាងធ្ងន់ ហើយអ្នកនាងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលត្រូវចាំបាច់សម្រាកព្យាបាល ហេតុនេះសូមបងប្អូនកុំមានការយល់ច្រឡំដោយមិនដឹងការពិត។
អ្នកនាងព្រំ រដ្ឋា បានសរសេរបញ្ជាក់ថា «នាងខ្ញុំឈ្មោះព្រំ រដ្ឋា សួមជម្រាបដល់បងប្អូន ញាតិមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថា នាងខ្ញុំ មិនដែលបានគេចវេះពីការពិត ឬបោកប្រាស់បុគ្គលណាទេ ការធ្វើការរកស៊ី តែងតែមានការខ្វះខាត និងដោយសារបញ្ហាកូវីដ-១៩ រយ:ពេល២-៣ឆ្នាំនេះ ធ្វើឲ្យការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយនាងខ្ញុំមានបញ្ហាសុខភាព ធ្ងន់ធ្ងរ ដែលត្រូវចាំបាច់សម្រាកព្យាបាល ហេតុដូចនេះ សូមបងប្អូនកុំមានការយល់ច្រឡំដោយមិនដឹងការពិត ហើយស៊ែរ ឬ Comment ដែលធ្វើឲ្យពាក់ព័ន្ធដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ដល់នាងខ្ញុំ និងផលិតកម្ម PR នាងខ្ញុំនឹងប្រគល់សិទ្ធិជូនមេធាវី ចាត់វិធានការធ្វើតាមផ្លូវច្បាប់។ នាងខ្ញុំសង្ឃឹមថា បងប្អូន មិត្តភក្តិទាំងអស់ដែលបានស្គាល់ ឬមិនស្គាល់ សួមមេត្តាយល់ដោយអនុគ្រោះផង សូមអរគុណ!»។
ទោះបីជាយ៉ាងណា ឆ្លើយតបការបញ្ជាក់របស់អ្នកនាងព្រំ រដ្ឋា ខាងលើនេះ កញ្ញាតាន់ សុផា ហៅជេសស៊ីកា បានបញ្ជាក់ខ្លី តាមគណនីហ្វេសប៊ុក ដដែលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថា «សម្រាប់ខ្ញុំ មិនមែនរឿងលុយការងារ ឬលុយថតអីទេ តែជាលុយខ្ចី»៕