ភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងព្រឹក អស់អ្នកភូមិ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បន្ទាប់ពីកើតមានឧប្បត្តិហេតុ ឆ្លងចរន្តអគ្គីសនីទុស្សេឆាបឆេះរាលដាលពេញបន្ទប់ ឆេះខ្ទេចខោអាវ សម្ភារៈប្រើប្រាស់ទាំងស្រុង សំណាងល្អបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនរាលដាលទៅកន្លែងផ្សេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ឡៅតឿ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ភាសារកូរ៉េ ស្ថិតនៅផ្ទះលេខ៣៥០អ៊ឺ ផ្លូវ២១កា ក្រុម៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាលាបណ្តុះបណ្តាលភាសារកូរ៉េខាងលើ បានជួលពីឈ្មោះ ប៉ុល វណ្ណារី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅផ្ទះកើតហេតុ ដោយខណ្ឌជាពីរ មួយចំហៀងម្ចាស់ផ្ទះស្នាក់នៅ មួយចំហៀងជួលទៅឲ្យមជ្ឈមណ្ឌលភាសារកូរ៉េ ។
តាមសម្តីបុគ្គលិកបម្រើការងារ ក្នុងមជ្ឈមណ្ឌល ខាងលើបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលក្នុងបន្ទប់កើតហេតុ មានដោតសម្ភារៈ បរិក្ខាអគ្គីសនី ទុកចោលដូចសព្វដង កង្ហា កុំព្យូទ័រ ទូរទស្សន៍ ហើយនាំគ្នាចុះមករៀបចំ កន្លែងបង្រៀនសិស្សនៅជាន់ក្រោម នៅវេលាម៉ោងខាងលើ ស្រាប់តែមានធំក្លិនឈ្ងៀម ហុយផ្សែងខ្មួលចេញពីបន្ទប់ឡៅតឿ ទើបបង្កឲ្យភ្ញាក់ផ្អើល ភ័យស្លន់ស្លោ ខ្លះយកបំពង់ពន្លត់អគ្គីភ័យបាញ់ តែមិនឈ្នះ ភ្លាមៗត្រូវបាន សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកពីសាលាខណ្ឌពោធិ៍សែនជ័យ បាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់ទៅវិញភ្លាមៗ ។
ករណីខាងលើ ក្នុងបន្ទប់មួយ ទទួលរងការខូចខាតសម្ភារៈទាំងស្រុង ខោអាវ របស់របរប្រើប្រាស់ទាំងស្រុងដែលមានក្នុងបន្ទប់ ផ្សែងរោលខ្មៅពេញជញ្ជាំង ហើយមិនឆេះរាលដាលទៅបន្ទប់ផ្សេង ដោយសារ បាញ់ទឹកពន្លត់ទាន់ពេលវេលា អស់ទឹក១សុីទែន ហើយក៏មិនបង្កឲ្យអ្នកណាម្នាក់ រងរបួសដែរ ។
បើតាមការពិនិត្យជាស្តែង ឃើញថា អគ្គីភ័យខាងលើផ្តើមចេញពីឆ្លងចរន្តភ្លើងទើបទុស្សេឆាប ឆេះ ពេញបន្ទប់ បែបនេះ ៕