Thursday, November 28, 2024
Homeព័ត៌មានជាតិអត់ចេញពីផ្ទះ២ថ្ងៃ ស្លាប់ក្នុងមុង

អត់ចេញពីផ្ទះ២ថ្ងៃ ស្លាប់ក្នុងមុង

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ មិនឃើញចេញក្រៅផ្ទះរយៈពេល២ថ្ងៃមកហើយ លុះមិត្តភក្តិខលរកមិនលើក មកគោះទ្វារផ្ទះ ក៏មិន បើក ទើបនាំគ្នាសម្រេចចិត្តគាត់ទ្វារទម្លាយចូលទៅមើល ក៏ប្រទះឃើញបុរសរងគ្រោះ ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងមុង ក្នុងបន្ទប់ បង្កឱ្យ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងផ្ទះល្វែងលេខ៤៤ ក្នុងបុរីញូវថោន ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ពុំទាន់បញ្ជាក់ប្រាប់ឱ្យដឹងពីអត្តសញ្ញាណរបស់បុរសរងគ្រោះនោះនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិកូរ៉េ ហើយគាត់បានដេកស្លាប់ ស្ថិតក្នុងស្ថានភាពអាក្រាតកាយថែមទៀតផង។ ចំណែកមូលហេតុនៃការស្លាប់ ក៏ពុំទាន់ដឹងនោះទេ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងកើត ហេតុភ្លាមៗ រួចបានរាយការណ៍ បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើ កោសល្យ វិច័យ។

ប្រភពដដែលបន្តថា បុរសរងគ្រោះរូបនេះ ពុំបានចេញក្រៅផ្ទះ រយៈពេល២ថ្ងៃកន្លងមកហើយ។ ចំណែកបុរសជនជាតិកូរ៉េម្នាក់ទៀត ដែលជាមិត្តភក្តិបានទូរស័ព្ទរកដែរ ប៉ុន្តែទាក់ទងអត់បានសោះ។ រហូតដល់វេលាល្ងាចថ្ងៃទី២៧ ខែកក្កដា មិត្តភក្តិបានធ្វើដំណើរទៅតាមរកដល់ផ្ទះ ហើយបានស្រែកហៅ តែពុំឮឆ្លើយ ក៏បានសម្រេចចិត្តគាស់ទ្វារផ្ទះចូលទៅមើល ស្រាប់តែឃើញបុរសរងគ្រោះ ដេកស្លាប់នៅលើគ្រែ ក្នុងមុងលើជាន់ទី១នៃផ្ទះល្វែង ដែលគាត់ស្នាក់នៅបាត់ទៅហើយ ទើបស្រែកឆោឡោ បង្កការភ្ញាក់ផ្អើល។ បន្ទាប់មក បុរសដែលជាមិត្តភក្តិនោះ បានបិទទ្វារចាក់សោពីខាងក្រៅ រួចរាយការណ៍ជូននគរបាលឱ្យចុះទៅពិនិត្យមើល និងធ្វើការស្រាវជ្រាវតាមជំនាញតែម្តង៕

RELATED ARTICLES