Thursday, November 28, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនមេការខារ៉ាអូខេ រំលោភក្មេងស្រី

ឃាត់ខ្លួនមេការខារ៉ាអូខេ រំលោភក្មេងស្រី

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជាមេការខារ៉ាអូខេ ដែលត្រូវបុគ្គលិកស្រីវ័យ១៥ឆ្នាំ ប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេច នៅក្នុងបន្ទប់ខារ៉ាអូខេ និងកំពុងរត់គេចខ្លួននោះ ពេលនេះកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា  កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យបណ្តឹងពីក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ឌីអឹម ដោយបានប្តឹងពីឈ្មោះអ៊ូ ហុង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេការខារ៉ាអូខេ ឌីអឹម ករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍គរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានបញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីអនុវត្តបន្ត ដោយសមត្ថកិច្ចជំនាញ ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផលបានឱ្យដឹងថា ជនសង្ស័យខាងលើកំពុងរត់គេចខ្លួន ។

បច្ចុប្បន្ន ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្វែងរកជនសង្ស័យ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

            គួររំលឹកថា បុរសវ័យចំណាស់ ជាមេការខារ៉ាអូខេ DM KTV ត្រូវបានក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ដែលជាបុគ្គលិករត់តុ នៅក្នុងខារ៉ាអូខេនោះដែរ បានប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច នៅក្នុងបន្ទប់ខារ៉ាអូខេ និងថែមទាំងបានគំរាមមិនឱ្យនាងប្រាប់ម្តាយដាច់ខាត ពុំនោះទេ នឹងបណ្តេញចេញពីការងារ ទាំង២នាក់ម្តាយកូន រហូតដល់ក្មេងស្រីរងគ្រោះទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីរំលោភសេពសន្ថវៈនេះ ត្រូវបានក្មេងស្រីរងគ្រោះ អះអាងថា បានកើតឡើងតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងបន្ទប់ខារ៉ាអូខេ DM មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ទើបក្មេងស្រីរងគ្រោះ ដាច់ចិត្តទម្លាយរឿងរ៉ាវ និងប្តឹងសមត្ថកិច្ចតែម្តង។

បុរសដែលទទួលរងការចោទប្រកាន់ថាបានចាប់រំលោភក្មេងស្រីវ័យ១៥ឆ្នាំនោះ មានឈ្មោះអ៊ូ ហុង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ DM ទីតាំងកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៥ឆ្នាំ ជាបុគ្គលិកផ្នែករត់តុ នៅខារ៉ាអូខេ DM និងមានម្តាយជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេនេះដែរ បច្ចុប្បន្នស្នាក់នៅម្តុំបុរីកីឡា ក្នុងខណ្ឌ៧មករា និងមានស្រុកកំណើតនៅឯស្រុកស្រែអំបិល ខេត្តកោះកុង។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ  កាលពីវេលាម៉ោងប្រមាណជាង ២រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ រូបនាងបានមកធ្វើការប្រចាំការវេនថ្ងៃ ហើយពេលមកដល់ហាងខារ៉ាអូខេ ជនសង្ស័យឈ្មោះអ៊ូ ហុង ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងខារ៉ាអូនេះ បានហៅនាងឱ្យចូលទៅក្នុងបន្ទប់ខារ៉ាអូខេមួយ ហើយនាងក៏ចូលទៅតាម នឹកស្មានថាមេការមានការងារអ្វីត្រូវប្រើនាង។ ខណៈពេលចូលទៅដល់ ជនសង្ស័យមិនបានសួរនាំអីដល់នាងទេ គឺបានស្ទុះមកឱប ហើយចាប់រំលោភនាងទាំងកំរោល រហូតបានសម្រេចតែម្តង។ លុះក្រោយពីចាប់រំលោភនាងរួច ជនសង្ស័យបានគំរាមថា បើនាងហ៊ានប្រាប់ម្តាយពីរឿងនេះ គេនឹងបញ្ឈប់ពួកនាង ២នាក់ម្តាយកូន ពីការងារក្នុងខារ៉ាអូខេនេះភ្លាម។ ពេលឮដូច្នេះ រូបនាងមិនហ៊ានប្រាប់ម្តាយទេ ខ្លាចអត់ការងារធ្វើទាំងពីរនាក់ម្តាយកូន។

ចំណែកស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់មិនបានដឹងថា មេការខារ៉ាអូខេនោះ ចាប់រំលោភកូនស្រីរបស់គាត់ តាំងពីពេលណាទេ តែមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ពោលគឺរំលងបានមួយថ្ងៃ រូបគាត់ជាម្តាយ មានការសង្ស័យ ក៏បានសួរនាំកូនស្រី របស់គាត់ ព្រោះឃើញនាងយំផង និងមានសភាពខុសពីធម្មតា។ ពេលគាត់ជជីកសួរទៅ កូនស្រីបានប្រាប់ថា អ្នកគ្រប់គ្រងនៅខារ៉ាអូខេ បានចាប់រំលោភនាងបានសម្រេច ហើយគំរាមមិនឱ្យប្រាប់ម្តាយនោះទេ បើប្រាប់ គេនឹងបញ្ឈប់ពីការងារទាំងពីរនាក់។

ស្ត្រីជាម្តាយ បន្តថា ក្រោយមក គាត់ក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តង។ រហូតមកដល់ព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដោយមិនឃើញសមត្ថកិច្ចមានចំណាត់ការអ្វីទៅលើជនសង្ស័យនោះ រូបគាត់ជាម្តាយ បានដឹកដៃកូនមកហាងខារ៉ាអូខេកើតហេតុខាងលើ បំណងហៅឱ្យជនសង្ស័យចេញមុខមកធ្វើការដោះស្រាយគ្នា តែជនសង្ស័យ មិនព្រមចេញមុខដោះស្រាយទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះទៅធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុភ្លាមៗតែម្តង ជាហេតុធ្វើឱ្យជនសង្ស័យឃើញសភាពការណ៍មិនស្រួល ក៏បានទាញម៉ូតូឡើងជិះចេញពីហាងខារ៉ាអូខេខាងលើបាត់ ដោយមិនបកស្រាយអ្វីទាំងអស់៕

RELATED ARTICLES