ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ និងថែមទាំងមានអត្តចរិតកោងកាចខ្លាំងណាស់ លុះចុងក្រោយ ទើបត្រឡប់មកពីផឹក បានរករឿងឈ្លោះ ទាញដបទឹកត្រីវ៉ៃក្បាលប្រពន្ធ បណ្តាលឱ្យរបួសយ៉ាងដំណំ លុះស្ត្រីជាម្តាយក្មេក ឃើញបែបនេះ ក៏ចូលទៅឃាត់ ស្រាប់តែកូនប្រសាកំណាច បានទាញអង្រែ ដេញវាយនិងគំរាមសម្លាប់ទាំងម្តាយក្មេកចោលទៀតផង ទើបក្រុមគ្រួសារទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះបុរសកំណាចនេះ យកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធ និងគំរាមសម្លាប់ម្តាយក្មេកនេះ បានកើតឡើង កាលពីវែលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
ជនសង្ស័យជាប្តីកំណាចដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀ ចាន់ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ វង់ ទ្រាប់ អាយុ៣៧ឆ្នាំ មុខរបរកសិករ។ រីឯស្ត្រីរងគ្រោះជាម្តាយក្មេក មានឈ្មោះសួស ត្រប់ អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះសៀ ចាន់ បានផឹកស្រាស្រវឹង ហើយជេរប្រមាថនិងយកដបទឹកត្រី វាយក្បាលប្រពន្ធ ព្រមទាំងយកចានដែក វាយក្បាល ប្រពន្ធជាច្រើនចានដែកថែមទៀត បណ្តាលឱ្យមានស្នាមពកក្បាល។
លោកអធិការ បានបន្តថា នៅពេលស្ត្រីជាម្តាយក្មេកឃើញបែបនេះ ក៏ចូលទៅឃាត់ កុំឱ្យកូនប្រសានេះវាយតប់ប្រពន្ធតទៅទៀត ស្រាប់តែឈ្មោះសៀ ចាន់ ជាកូនប្រសា មិនត្រឹមតែមិនខ្ចីស្តាប់ប៉ុណ្ណោះទេ ថែមទាំងទាញអង្រែធ្វើអំពីឈើ មកដេញវាយ និងគំរាមសម្លាប់ម្តាយក្មេករបស់ខ្លួនចោលទៀតផង។
យោងតាមសាក្សី និងក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះសៀ ចាន់ ជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ មានអត្តចរិតកោងកាច សាហាវឃោរឃៅខ្លាំងណាស់ ហើយជនសង្ស័យម្នាក់នេះ តែងតែប្រព្រឹត្តអំពើហិង្សាមកលើប្រពន្ធ និងក្រុមគ្រួសារ ជាច្រើនដងមកហើយ។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕