ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត (បែកថ្នាំ) ទើបធ្វើសកម្មភាពវាយកូនបង្កើតខ្លួនឯងដែលទើបនឹងមានអាយុ ៥ខែ បណ្តាលឱ្យបាក់ដៃ ផុងលលាដ៍ក្បាល ស្លាប់យ៉ាងអាណោចអធ័ម ខណៈដែលប្រពន្ធរបស់ខ្លួនរវល់ចេញទៅស្ទូងស្រូវ នៅឯស្រែ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើឃាតកម្ម ឪពុកបង្កើតវាយសម្លាប់កូនតូចអាយុ៥ខែនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង។
ក្មេងរងគ្រោះដែលត្រូវឪពុកបង្កើតចិត្តកំណាច វាយសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះធី ខេមរា អាយុ៥ខែ (រងរបួសបាក់ដៃ ជាំថ្ងាស និងផុងលលាដ៍)។ ចំណែកជនដៃដល់ជាឃាតករ និងត្រូវជាឪពុកបង្កើត ដែលត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះបឿន រ័ត្នធី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មានលំនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង។
តាមសម្តីស្ត្រីជាម្តាយកុមាររងគ្រោះ និងត្រូវជាប្រពន្ធជនដៃដល់ជាឃាតករ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានទុកកូនតូចឱ្យនៅផ្ទះជាមួយប្តី ចំណែកនាងបានចេញទៅស្ទូងស្រូវ តាំងពីថ្ងៃរសៀល រហូតដល់វេលាម៉ោងប្រមាណ ៥ល្ងាច ទើបត្រឡប់មកដល់ផ្ទះវិញ។ ពេលមកដល់ផ្ទះ ប្តីរបស់នាងបានប្រាប់នាងថា កូនមានជំងឺ អត់ស្រួល ទើបយកកូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ហើយគ្រូពេទ្យប្រាប់ថា គេកើតមានជំងឺសួតធ្ងន់ធ្ងរ ឱ្យបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ឮបែបនេះ នាងក៏ប្រញាប់ដឹកបញ្ជូនកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្លាម តែពេលដឹក បញ្ជូនដល់ពាក់កណ្តាលផ្លូវ កូនរបស់នាងក៏បានស្លាប់ ទើបដឹកយកកូនត្រឡប់មកផ្ទះវិញ។
ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ដោយមានការសង្ស័យ ឃើញកូនរបស់នាងមានស្នាមផុងលលាដ៏ក្បាល ជាំថ្ងាស និងបាក់ដៃឆ្វេង ទើបនាងបានប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ច ឱ្យជួយចុះមកពិនិត្យភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពកុមាររងគ្រោះ រួចបញ្ជាក់ថា ក្មេងរងគ្រោះ មានស្នាមរបួស បាក់ដៃខាងឆ្វេង ជាំថ្ងាស ផុងលលាដ៏ក្បាលផ្នែកគុម្ពត្រចៀកខាងស្តាំ ពោលគឺស្លាប់ដោយសារអំពើហិង្សា មិនមែនដោយសារជំងឺនោះទេ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ សម្រេចឃាត់ខ្លួនជនសង្ស័យជាឪពុកបង្កើតក្មេងរងគ្រោះ នាំយកទៅសាកសួរ ទើបដឹងថា ក្មេងរងគ្រោះ បានស្លាប់ដោយសារតែអំពើហិង្សា ពីសំណាក់ជនដៃដល់ជាឪពុក ដែលបានវាយនឹងដៃ បណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង ជាំថ្ងាស ផុងលលាដ៏ក្បាលផ្នែកគុម្ពត្រចៀកខាងស្តាំ ខណៈដែលស្ត្រីជាប្រពន្ធ រវល់ទៅធ្វើស្រែ បាត់ពីផ្ទះ។
ជនដៃដល់ជាឪពុកកំណាចខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕