ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ម្នាក់ បានសុំអនុញ្ញាតច្បាប់ពីមេកោយរបស់ខ្លួន ដើម្បីទៅមើលថែ និងលួងលោមម្តាយ ដែលកំពុងជួបទុក្ខធំ (ឪពុកទើបស្លាប់) ស្រាប់តែអកុសល ពេលធ្វើដំណើរតាមផ្លូវ ក៏ជួបគ្រោះអកុសល ត្រូវរថយន្តកុងតឺន័រ ១គ្រឿង បើកមកបុក និងកិន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខបុរីសន្តិភាព២ ផ្លូវ៣០ម៉ែត្រ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមការបង្ហើបរបស់មន្ត្រីកងរាជអាវុធហត្ថ ជាមិត្តរួមការងារ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះព្រិន្ទបាលឯក ឃួន វិសាល កាលនៅមានជីវិត គឺជាមនុស្សសុភាពរាបសា ស្រឡាញ់ការងារ គោរពវិន័យ គោរពពេលវេលា មានការ ស្រឡាញ់រាប់អានពីមិត្តភក្តិជុំវិញខ្លួន និងបងប្អូន សាច់ញាតិគ្រប់ៗគ្នា។ ជិត៣ឆ្នាំចុងក្រោយនេះ លោកព្រិន្ទបាលឯក ឃួន វិសាល បានទទួលបេសកកម្មរួមជាមួយក្រុមការងារចុះការពារ និងរៀបចំសណ្តាប់ធ្នាប់នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលត្រូវបានដាក់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ រហូតដល់ស្ថានភាពបានធូរស្រាលទើបមណ្ឌលព្យាបាល ត្រូវបានបិទ តែបេសកកម្មរបស់លោកព្រិន្ទបាលឯក ឃួន វិសាល នៅតែបន្តយាមការពារបរិក្ខារព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ហ្លួងម៉ែ ដដែល។
លោកព្រិន្ទបាលឯក ឃួន វិសាល អាយុ៣០ឆ្នាំ នៅលីវ មិនទាន់មានភរិយា ជាកូនច្បង មានប្អូនស្រីវិបល្លាសស្មារតី ចាកចោលផ្ទះ ឪពុកទើបតែទទួលអនិច្ចកម្មថ្មីៗ ហើយម្តាយធ្លាក់ខ្លួនឈឺ ព្រោះតែមានទុក្ខក្រៀមក្រំ មិនទាន់អាចធ្វើចិត្តបំភ្លេចប្តីបាន។ ដោយចិត្តកតញ្ញូ លោកព្រិន្ទ បាលឯក ឃួន វិសាល ខំឆ្លៀតសុំច្បាប់ប្រធានក្រុម ដើម្បីបានទៅកំដរមើលថែ លួងលោមម្តាយ តែមិននឹកស្មានថា បែរក្លាយទៅជាជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ត្រូវរថយន្តធុនធំបុកនិងកិនស្លាប់ ធ្វើឱ្យអ្នកម្តាយកាន់តែខ្លោចចិត្តខ្លាំងទ្វេឡើង។
ដោយក្តីអាណិតអាសូរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ព្រមទាំងលោកស្រីជាភរិយា បានចាត់ក្រុមការងារ នាំយកថវិកាចំនួន ៤លានរៀល ទឹកសុទ្ធ ៣០កេស ចូលរួមបុណ្យសពលោកព្រិន្ទបាលឯក ឃួន វិសាល និងបានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព។
ជាមួយគ្នានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចាត់ក្រុមការងារ នាំយកថវិកា ២លានរៀល ចូលរួមបុណ្យសព និងបានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពផងដែរ។
ដោយឡែក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំយកថវិកា ២០លានរៀល ទឹកសុទ្ធ រួមនិងភេសជ្ជៈ ៣០កេស អង្ករ ៤បាវ ទៅប្រគល់ជូនក្រុមគ្រួសារសព សម្រាប់រៀបចំធ្វើបុណ្យ ។ ចំណែកមិត្តរួមការងារក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលបុណ្យបន្ថែម រួមជាមួយថវិកាមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលផ្តួចផ្តើមដោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ជូនគ្រួសារសពតាមក្រោយផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនិងសាច់ញាតិនៃសព ព្រោះការបាត់បង់លោកព្រិន្ទបាលឯក ឃួន វិសាល ដែលជាយុវជនមានឆន្ទៈប្តូរផ្តាច់ចំពោះជាតិមាតុភូមិ ជាធនធានមនុស្សដ៏កម្រក្នុងកងរាជអាវុធហត្ថ និយាយជារួម ជាធនធានដ៏សំខាន់សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនិយាយដោយឡែក គឺជាកូនល្អក្នុងគ្រួសារ ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកលោក ឃួង ស្រេង ព្រមទាំងបងប្អូនកងរាជអាវុធហត្ថទាំងអស់ដែលតែងតែគិតគូរពីសុខទុក្ខកងកម្លាំង ជាពិសេសបានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមបុណ្យសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕