ខេត្តព្រះសីហនុ ៖ ជនជាតិចិន ចំនួន២ក្រុម បានកើតមានជម្លោះនឹងគ្នាយ៉ាងស្រួចស្រាល់ នៅក្នុងកាស៊ីណូ មួយកន្លែង រហូតឈានដល់ការដកកាំភ្លើងបាញ់ប្រហារភាគីទំនាស់ បណ្តាលឱ្យស្លាប់២នាក់ នៅនឹងកន្លែង រីឯម្នាក់ទៀត រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែកក្រុមជនដៃដល់ជាឃាតករ បានព្យាយាមរត់គេចខ្លួនបានប្រមាណ ៣ម៉ោង ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវចាប់វាយខ្នោះ ចំនួន៣នាក់។
ករណីឃាតកម្មយ៉ាងសាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៤៥ នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងអគារកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ រហូតមកដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ពោលគឺរយៈពេល ៣ម៉ោង ក្រោយមក កម្លាំងជំនាញអាវុធហត្ថ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតករ បានចំនួន៣នាក់ នាំយកមកសាកសួរ។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីបាញ់ប្រហារយ៉ាងសាហាវឃោរឃៅមួយ បានកើតឡើងនៅក្នុងអគារកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ ក្នុងហេតុការណ៍បាញ់សម្លាប់មនុស្សមិនញញើតដៃនេះ បានបង្កឱ្យជនជាតិចិន ចំនួន២នាក់ ត្រូវគ្រាប់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម លើឥដ្ឋការ៉ូ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្ញ្រោះភ្លាមៗផងដែរ។
ក្រោយកើតហេតុ ក្រុមសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុ និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាច្រើននាក់ បាននាំគ្នាចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ និងតាមស្រាវជ្រាវរកជនបង្កហេតុ។
ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ទីបំផុតសមត្ថកិច្ចបានប្រើពេលប្រមាណ ៣ម៉ោង គឺនៅម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យជនជាតិចិន បានចំនួន៣នាក់ (ស្រី១) រួមមាន ៖ ទី១-ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ២-ឈ្មោះ DU CHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៣- ឈ្មោះ XIONG ZHENG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ដោយឡែក ជនរងគ្រោះទាំង ៣នាក់ (ស្លាប់២ របួសធ្ងន់១) មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា សុទ្ធតែជាជនជាតិចិនដូចគ្នា។ រីឯមូលហេតុដែលឈានដល់ការបាញ់សម្លាប់គ្នាយ៉ាងសាហាវបែបនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។
ជនសង្ស័យ ទាំង៣នាក់ ត្រូវបានការិយាល័យជំនាញ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕