ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ធ្លាប់ធ្វើសកម្មភាពដើរលួចចំនួន ៥លើករួចមកហើយ ដោយប្រព្រឹត្តនៅតាមបណ្តាខេត្ត-ក្រុង ចំនួន៥ផ្សេងគ្នា និងបានសម្រេចគ្រប់ករណី តែចុងក្រោយបែរជាអស់លក្ខណ៍ ក្រោយពីនាំក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ធ្វើសកម្មភាពលួចរថយន្តកូរ៉េ ១គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួននៅស្រុកកំណើត ខេត្តព្រៃវែង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ករណីអំពើលួច (លួចរថយន្ត) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២១នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ។
ជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះទេព វណ្ណា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ជាម្ចាស់រថយន្តម៉ាក KIA TITAN ពណ៌ខៀវ ផលិតឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2I-4586។ ចំណែកជនសង្ស័យ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលី អេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះម៉ៅ ភឹម ភេទប្រុស អាយុ១១ឆ្នាំ មុខរបរនៅផ្ទះ។ ជនសង្ស័យទាំង២នាក់ មានលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯវត្ថុតាងចាប់យក រួមមាន ១-រថយន្ត KIA TITAN ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។ ២-ម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HG-8640 ចំនួន១គ្រឿង និងកង់ពណ៌ក្រហម ដៃត្រង់ ចំនួន១គ្រឿង។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះលី អេ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កចំហៀងលក់មីឆា របស់គេ ម្តុំព្រះវិហារចាម នៅព្រៃទាល រាជធានីភ្នំពេញ។ ក្រោយពីលួចបានហើយ ខ្លួនក៏ជិះទៅផ្ទះរបស់ខ្លួន នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លុះដល់ម៉ោង ៤និង៣០នាទីរសៀល ខ្លួនបានបបួលឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ១១ឆ្នាំ ជិះម៉ូតូរ៉ឺម៉កលក់មីឆា ឡើងមកភ្នំពេញ ជាមួយ ដោយជិះតាមផ្លូវពាមស្តី ចាក់តាមស្រុកល្វាឯម រួចខ្លួន ក៏បានលួចកង់របស់គេ ១គ្រឿង ពណ៌ក្រហម ដែលទុកនៅមុខផ្ទះ ក្នុងស្រុកល្វាឯម បន្ទាប់មកខ្លួននិងឈ្មោះម៉ៅ ភឹម បានឆ្លងតាមកំពង់ដកោះពេជ្រ ឡើងមកភ្នំពេញ។
ជនសង្ស័យ បានសារភាពបន្តថា ក្រោយមក ខ្លួននិងឈ្មោះម៉ៅ ភឹម បានទៅលួចម៉ូតូកង់បី ១គ្រឿងទៀត ពណ៌លឿង ដែលចគេតចោលនៅចិញ្ចើមផ្លូវ ម្តុំពេទ្យរបេង ហើយលើកកង់ដាក់លើម៉ូតូកង់បី ជិះមកស្រុកកៀនស្វាយ ដោយទុកម៉ូតូរ៉ឺម៉កចំហៀងលក់មីឆា នៅទីនោះ។
លុះពេលពួកខ្លួនមកដល់ស្រុកកៀនស្វាយ នៅវេលាម៉ោង ១និង២០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងឃុំឈើទាល ម៉ូតូកង់បីក៏ខូច បន្ទាប់មក ខ្លួនបានទុកម៉ូតូកង់បីចោល រួចខ្លួនបានយកកង់ជិះជាមួយឈ្មោះម៉ៅ ភឹម មកលួចរថយន្តគេ ១គ្រឿង ជារថយន្តកូរ៉េ ម៉ាក KIA TITAN ពណ៌ខៀវ ជិះគេចខ្លួនមកខាងខេត្តព្រៃវែង។
ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឈើទាល។ ក្រោយពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវរកមុខសញ្ញា តែរកមិនឃើញ និងកំណត់អត្តសញ្ញាណមិនទាន់បាន។
លុះដល់វេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃដដែល ទើបកម្លាំងនគរបាលយុត្តិធម៌ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លី អេ ខាងលើបាន រួចបានប្រគល់មកឱ្យនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត។ រីឯឈ្មោះម៉ៅ ភឹម បានរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងឈ្មោះម៉ៅ ភឹម ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចរថយន្តម៉ាក KIA TITAN ប្រាកដមែន រួចបើករត់មកខាងខេត្តព្រៃវែង ហើយកន្លងមក ខ្លួនបានធ្វើសកម្មភាពលួចបានសម្រេច ចំនួន៤លើកមកហើយ ដោយលើកទី១ លួចបានទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាក iPhone 5 ពណ៌ស ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី។ លើកទី២ លួចបានទូរស័ព្ទដៃ ម៉ាក iPhone 6 ពណ៌ទឹកប្រាក់ ប្រព្រឹត្តនៅក្រុងបានលុង ខេត្តរតនគិរី។ លើកទី៣ លួចបានទូរស័ព្ទដៃ មួយគ្រឿង ម៉ាក SAMSUNG ពណ៌ក្រហម ប្រព្រឹត្តនៅនៅផ្ទះទឹក១០០ខ្នង ខេត្តត្បូងឃ្មុំ។ លើកទី៤ លួចបានម៉ូតូសណ្តោងរឺម៉ក ចំនួន១គ្រឿង ប្រព្រឹត្តនៅសង្កាត់ព្រៃទា ក្រុងភ្នំពេញ និងលើកទី៥ លួចបានរថយន្ត ចំនួន ១គ្រឿង ម៉ាក KIA TITAN ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-4586 នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
បន្ទាប់មក កម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ៅ ភឹម នៅចំណុចភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។
ក្រោយពីបានសាកសួររួច ឈ្មោះម៉ៅ ភឹម បានសារភាពថា ខ្លួននិងឈ្មោះលី អេ ភេទប្រុសពិតជាបានប្រព្រឹត្តបទល្មើសលួចរថយន្តកូរ៉េ ម៉ាក KIA TITAN ពណ៌ខៀវ ប្រាកដមែន។
ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕