Thursday, November 28, 2024
Homeព័ត៌មានជាតិស្រីស្អាតម៉ូលីកា អួតលុយរាប់លាន អ្នកឃើញភ័យជំនួសថា ដូចឌឺមេចោរប្លន់

ស្រីស្អាតម៉ូលីកា អួតលុយរាប់លាន អ្នកឃើញភ័យជំនួសថា ដូចឌឺមេចោរប្លន់

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ តារាស្រីរូបស្រស់ និងជាអ្នកជំនួញអនឡាញល្បីឈ្មោះ អ្នកនាងម៉ូលីកា បានធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីអ្នកនាងបានបង្ហាញលុយដុល្លារទាំងដុំៗ ចំនួនរាប់លាន ដែលនាងទើបទទួលបាន ក្នុងនោះមានទាំងអ្នកសរសើរ និងអ្នករិះគន់ផងដែរ ហើយក្នុងចំណោមអ្នករិះគន់មួយចំនួន បានលើកឡើងថា ពួកគេឃើញការបង្ហាញលុយច្រើនបែបនេះ ភ័យជំនួស ព្រោះដូចឌឺមេចោរប្លន់ម្នាក់ ដែលតុលាការទើបសម្រេចផ្តន្ទាទោសឲ្យជាប់គុក ៩ឆ្នាំ បន្ទាប់ពីបានប្រព្រឹត្តអំពើប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលមេចោរប្លន់នោះ បានសារភាពថា​ ខ្លួនប្លន់ផ្ទះឧកញ៉ានោះ ដោយសារជ្រេញនឹងការអួតសម្ញែងមាសពេជ្រ លុយដុល្លារ ដូចឌឺឲ្យខ្លួន។

តារាស្រីរូបស្រស់សិចស៊ី ម៉ូលីកា នៅយប់ថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២២ បានបង្ហាញលុយដុល្លារទាំងបាច់ៗ ចំនួនជាង ១លានដុល្លារ ក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង ជាមួយសំណេរថា «អត់បានតែងខ្លួនទេ ចុះពីលើយន្តហោះភ្លាម ម៉ូយយកលុយមកឲ្យ ១លាន ៣០ម៉ឺនដុល្លារភ្លាម»។

អ្នកនាងម៉ូលីកា សរសេរបន្ថែមថា «ចង់និយាយថា មុខរបរខ្ញុំច្រើនណាស់ មិនមែនតែតុងទីនទេ ខ្ញុំលក់ឡេ ខ្ញុំលក់ម៉ូតូ ខ្ញុំលក់ដី ខ្ញុំលក់ទូរស័ព្ទ ហើយខ្ញុំមានដាក់លុយរាប់។ រាល់ថ្ងៃឃើញខ្ញុំខោមិនខោ អាវមិនអាវចឹង កុំចង់មើលងាយឲ្យសោះ»។

ក្រោយពីបានឃើញតារាស្រីរូបនេះ បង្ហាញលុយដ៏ច្រើនបែបនេះ មហាជន ជាពិសេសអ្នកប្រើបណ្តាញសង្គម មួយចំនួនសរសើរថា តារាស្រីរូបនេះ នៅក្មេងវ័យ តែពូកែរកស៊ី រហូតក្លាយជាអ្នកមានឆាប់រហ័ស ប៉ុន្តែចំពោះអ្នកដែលពុំត្រេកអរនឹងទង្វើសម្ញែងនេះ បានបញ្ចេញយោបល់រិះគន់ថា ពូកែអួតណាស់ ខ្លាចគេមិនដឹងមាន និងថាឃើញបែបនេះ ពួកគេភ័យជំនួស ព្រោះដូចឌឺឲ្យមេចោរប្លន់ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលថ្មីៗនេះ ទើបតែត្រូវបានតុលាការ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក​៩ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់ផ្ទះឧកញ៉ាអ៊ាន សៀវម៉ី) ហើយដែលមេចោរប្លន់ម្នាក់នេះ បានសារភាពប្រាប់សមត្ថកិច្ចកន្លងទៅនេះថា មូលហេតុដែលគេប្លន់ផ្ទះឧកញ៉ារូបនេះ ដោយសារជ្រេញ ស្អប់អ្នកពូកែអួតសម្ញែងមាសពេជ្រ ដុល្លារ។

ជុំវិញការសរសើរនិងរិះគន់ ចំពោះការបង្ហាញលុយដុល្លារ ខាងលើនេះ «នគរធំ» មិនអាចសុំយោបល់ឆ្លើយតបពីអ្នកនាងម៉ូលីកា បានទេ កាលពិម្សិលមិញ។

យ៉ាងណា ទំនងជាការបកស្រាយ ឆ្លើយតបការបញ្ចេញយោបល់របស់មហាជន ខាងលើនេះ នៅថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២២ អ្នកនាងម៉ូលីកា បានបង្ហាញតាមគណនីហ្វេសប៊ុក របស់នាង នូវរូបភាពអតីតកាល ពេលនាងនិងប្ដី ចាប់ដៃគ្នារកស៊ីដំបូង តាំងពីជួលបន្ទប់គេស្នាក់នៅ ដែលនាងថា កើតមកក្រ គេមើលងាយណាស់ អ៊ីចឹងហើយបានជានាងខំប្រឹងរកស៊ី រហូតមានបានដូចសព្វថ្ងៃនេះ។

អ្នកនាងម៉ូលីកា បានសរសេរក្នុងគណីហ្វេសប៊ុក របស់នាងថា «នេះជារូបភាពខ្ញុំនិងប្ដីខ្ញុំ ចាប់ដៃគ្នារកស៊ី តាំងពីជួលបន្ទប់គេ ប្ដីខ្ញុំកត់លេខផង រៀបអីវ៉ានផង នៅក្នុងបន្ទប់ដ៏តូច១ ចំណែកខ្ញុំជាអ្នកលក់ទៅ។ ខ្ញុំកើតមកក្រ គេមើលងាយណាស់ ចឹងបានពួកខ្ញុំមកដល់អីឡូវ…»។

គួរកត់សម្គាល់ដែរថា ការដែលមនុស្សមួយចំនួន បង្ហាញចំណាប់អារម្មណ៍ថា ភ័យជំនួស នៅពេលឃើញអ្នកនាងម៉ូលីកា បង្ហាញលុយដុល្លារដ៏ច្រើន រាប់លានដុល្លារ ដូចឌឺឲ្យមេចោរប្លន់ ខាងលើនេះ ដោយសារពួកគេនៅចាំចម្លើយសារភាពរបស់មេចោរប្លន់ម្នាក់ ឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិ្លល្លៀម គង់ អតីតប្រធានគណបក្សខ្មែរក្រោក នៅពេលសមត្ថកិច្ចចាប់ខ្លួន ក្រោយនាំបក្ខពួក ប្រដាប់ដោយអាវុធគ្រប់ដៃ ចូលប្លន់ផ្ទះលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ទាំងកណ្តាលថ្ងៃ នាពេលកន្លងទៅនេះថា រូបគេប្លន់ផ្ទះឧកញ៉ារូបនេះ ដោយសារជ្រេញ ស្អប់ ចំពោះការសម្ញែងទ្រព្យសម្បត្តិ មាស ពេជ្រ ដុល្លារ ហាក់ឌឺ ឬផ្គើនឲ្យគេ។

ករណីប្លន់ផ្ទះលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី នេះ បានកើតឡើងកាលពីកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខ V01 ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធ ១ក្រុម មានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានសម្រុកចូលទៅក្នុងផ្ទះអ្នកលក់ឡេអនឡាញដ៏ល្បី ឧកញ៉ា អ៊ាន សៀវម៉ី ដោយបន្លំខ្លួនជាសមត្ថកិច្ចក្រសួង ចុះមកអនុវត្តដីកា រួចក៏ធ្វើសកម្មភាពភ្ជង់ប្លន់ ប្រមូលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការមានតម្លៃជាច្រើន ខ្ទង់លានដុល្លារ។

ក្រោយកើតហេតុ ប្រមាណ៧នាទី បន្ទាប់ពីបានទទួលការរាយការណ៍ប្តឹងពីជនរងគ្រោះ ដែលបានហៅទៅទូរស័ព្ទបន្ទាន់ លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះអ៊ាន សៀវម៉ី ដែលជនល្មើសទម្លាក់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ចដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថា ជាការក្លែងបន្លំ។ បន្ទាប់មក អាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថា ករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅរបស់មេបក្សខ្មែរក្រោក លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ទើបកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅកាន់ផ្ទះជនសង្ស័យ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ឃាត់ខ្លួនមនុស្ស សរុប១២នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ដោយក្នុងនោះក៏មានទាំងឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ផងដែរ។

ជនសង្ស័យ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះឧកញ៉ាអ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធ ចំនួន ៥ដើម (AK១ដើម និងកាំភ្លើងខ្លី៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ច ចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាសភ្ជង់ប្លន់ម្ចាស់ផ្ទះ យកបានគ្រឿងពេជ្រ ជាច្រើនឈុត រួចនាំគ្នាចូលឡាន គេចខ្លួនតែម្តង។

តាមចម្លើយសារភាពរបស់មេខ្លោងក្រុមចោរប្លន់នេះ បានប្រាប់សមត្ថកិច្ច នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា ខ្លួនដឹកនាំកូនចៅទៅប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី មូលហេតុដោយសារធុញ ស្អប់ ជ្រេញអ្នកអួតទ្រព្យសម្បត្តិ តាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះ ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ ដូចឌឺ ឬផ្គើនឲ្យខ្លួន៕ ខៀវទុំ

RELATED ARTICLES