ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានជិះកង់វង្វេងបាត់ចេញពីផ្ទះ អស់រយៈពេល៣ថ្ងៃមកហើយ និងត្រូវបានក្រុមគ្រួសារកូនចៅ នាំគ្នាដើរតាមរកដែរតែមិនឃើញសោះ ស្រាប់តែក្រោយមក ត្រូវបានអ្នកឃ្វាលគោម្នាក់ ប្រទះឃើញដេកស្លាប់នៅក្បែរកង់ យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២២នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកហូរខាងកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ជនរងគ្រោះ មានឈ្មោះហៀង សម្បត្តិ ហៅតាឡេនីន អាយុ៦៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារសាច់ញាតិ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់វង្វេងបាត់ពីផ្ទះ ចំនួន៣ថ្ងៃ តាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដោយមិនដឹងទៅទីកន្លែងណា។ ចំណែកក្រុមគ្រួសារ សាច់ញាតិ បាននាំគ្នាដើររកដែរ ប៉ុន្តែរកមិនឃើញជនរងគ្រោះឡើយ ។ លុះមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ អ្នកដើរឃ្វាលគោ បានប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ជាមួយកង់ដែលជនរងគ្រោះជិះនោះ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានតែម្តង។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានហៅរថយន្តដឹកសពជនរងគ្រោះ មកកាន់លំនៅឋាន។ បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យសព រួចប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕