ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា បានទទួលអំណោយកញ្ចប់ឧបករណ៍តេស្ដរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន ៥០០ឯកតា ពីរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្ស៊ី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា។
ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក Anatol Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីនេះ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា កម្ពុជា និងសហព័ន្ធរុស្ស៊ី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងអាស៊ានបូក ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផលប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ។
លោករដ្ឋមន្រ្ដី បន្តថា នៅថ្ងៃនេះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី បានបង្កើតនូវកាលានុវត្តភាពថ្មីមួយទៀត ដែលជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានដាក់ជំងឺអុតស្វា ជាបញ្ហាសុខភាពសាធារណៈសកល។ រហូតមកដល់ពេលនេះ កម្ពុជា មានករណីជំងឺអុតស្វា តែ ១ករណីគត់ ជាករណីនាំចូល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ។
រាជរដ្ឋាភិបាល ចាត់ទុកថា ការផ្តល់ជំនួយកញ្ចប់តេស្ដរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ ថ្ងៃនេះ ជាការរួមចំណែកដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយតបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបនឹងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក។ លោក ម៉ម ប៊ុនហេង មានជំជឿថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៉ី នឹងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកទាំងមូល៕ ខៀវទុំ