Thursday, November 28, 2024
Homeព័ត៌មានជាតិខឹងប្រពន្ធរត់ចោល គំរាមដុតផ្ទះសម្លាប់ឪក្មេក

ខឹងប្រពន្ធរត់ចោល គំរាមដុតផ្ទះសម្លាប់ឪក្មេក

ខេត្តតាកែវ ៖ ប្តីប្រពន្ធ ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ចេះតែកើតមានជម្លោះមិនស្វាង ដោយមូលហេតុផ្តើមចេញពីបុរសជាប្តីមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងពេក រហូតដល់ប្រើអំពើហិង្សាវាយដំប្រពន្ធជាញឹកញាប់ និងធ្លាប់ត្រូវសមត្ថកិច្ចកោះហៅទៅអប់រំដែរ តែមិនរាងចាលសោះ លុះចុងក្រោយ ខឹងប្រពន្ធរត់ទៅដេកផ្ទះឪពុកក្មេក ក៏តាមទៅរករឿង រួចខ្ទប់ទ្វារ បង្ខាំងឪពុកក្មេកមិនឱ្យចេញក្រៅ និងថែមទាំងគំរាមដុតផ្ទះសម្លាប់ឪពុកក្មេកចោលទៀត ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចុះចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីកូនប្រសាចិត្តភ្លើង គំរាមដុតផ្ទះសម្លាប់ឪពុកក្មេកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ជនសង្ស័យជាកូនប្រសាដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌួង សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ចំណែកជនរងគ្រោះជាឪពុកក្មេក មានឈ្មោះអ៊ីវ គន់ អាយុ៧២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោមការបញ្ផានិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចស្រុកគិរីវង់ បានទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋថា មានករណីគំរាមថានឹងសម្លាប់មួយ បានកើតឡើងនៅចំណុចមូលដ្ឋានខាងលើ។ ក្រោយបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះឌួង សុផាត ដែលបានធ្វើសកម្មភាពចាក់សោផ្ទះពីខាងក្រៅ បិទខ្ទប់មិនឱ្យឪពុកក្មេកឈ្មោះអ៊ីវ គន់ និងក្រុមគ្រួសារ ចេញមកក្រៅ ព្រមទាំងស្រែកគំរាមថា នឹងដុតសម្លាប់ទាំងអស់មួយពូជទៀតផង មូលហេតុដោយសារតែជនសង្ស័យខឹងសម្បារឿងប្រពន្ធរបស់ខ្លួន រត់គេចមកដេកនៅផ្ទះឪពុកក្មេក។

ប្រភពខាងលើ បញ្ជាក់ថា ក្នុងសកម្មភាពនោះ ជនសង្ស័យឈ្មោះឌួង សុផាត មានកាន់ពូថៅជាប់នឹងដៃ ហើយបានបោះសំដីគំរាមថា “បើនរណាហ៊ានចូលជួយ គេនឹងសម្លាប់ចោល”។ ភ្លាមនោះសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ មក សាកសួរ ពាក់ព័ន្ធករណីខាងលើ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន មូលហេតុមកពីភ្លើងប្រចណ្ឌប្រពន្ធ គួបផ្សំនឹងការសេពគ្រឿងស្រវឹងជាប្រចាំផង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ប្រើហិង្សាក្នុងក្រុមគ្រួសារជាញឹកញាប់ ហើយក៏ធ្លាប់បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចទៀតផង តែជនសង្ស័យនេះ ពុំបានកែប្រែពីកំហុសរបស់ខ្លួនឡើយ។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES