ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានប្តឹងចោទប្រកាន់ទៅលើស្ត្រីវ័យចំណាស់ម្នាក់ ដែលជាម្ចាស់ទូកទេសចរណ៍ យីហោ សិទ្ធិបូរណ៍ ថាបានប្រើអំពើហិង្សា ទះកំផ្លៀងនាង ១ដៃ បណ្តាលឱ្យរងរបួសជាំថ្ពាល់មួយចំហៀង ព្រោះតែខឹងរឿងដណ្តើមភ្ញៀវគ្នា។
ករណីអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចចំណតកាណូតទេសចរណ៍ រាជធានីភ្នំពេញ មុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
នារីវ័យក្មេងដែលអះអាងថា ត្រូវស្ត្រីចំណាស់ទះកំផ្លៀង ជាំថ្ពាល់នោះ មានឈ្មោះស្រីណា អាយុ១៦ឆ្នាំ ជាក្មួយម្ចាស់កាណូតទេសចរណ៍ យីហោ ដារ៉ា បូត (រងរបួសជាំថ្ពាល់មួយចំហៀងខាងឆ្វេង)។ ចំណែកស្ត្រីវ័យចំណាស់ដែលរងការចោទប្រកាន់ មានឈ្មោះហេង អាយុជាង៥០ឆ្នាំ ជាម្ចាស់កាណូតទេសចរណ៍យីហោ សិទ្ធិបូរណ៍។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីជាជនបង្កហេតុខាងលើនេះ គឺល្បីរឿងអាស្រូវខាងវាយតប់ភ្ញៀវ និងវាយតប់អ្នករកស៊ីដូចគ្នា ហើយកាងសួនច្បារមាត់ទន្លេ ធ្វើជាកន្លែងផ្ញើម៉ូតូ យកលុយដាក់ចូលហោប៉ៅខ្លួនឯងទៀតផង។ ចំពោះភ្ញៀវដែលមិនជិះទូកគាត់ គឺមិនអនុញ្ញាតឱ្យឈប់ឬផ្ញើម៉ូតូកន្លែងគាត់ឡើយ ហើយទូករបស់គាត់មិនដែលបង់ថ្លៃផែ ថ្លៃចំណតដូចគេទេ និងតែងតែដើរចាប់ម៉ូយគ្រប់ទីកន្លែង តាមតែអំពើចិត្ត។
ចំណែកនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅយប់កើតហេតុ គឺមានភ្ញៀវជនជាតិកូរ៉េ ចំនួន៤នាក់ បានសួរថ្លៃកាណូត ពីនាង ដែលមាន យីហោ ដារ៉ា បូត ហើយនាងបានប្រាប់ថា តម្លៃជិះកម្សាន្ត ក្នុងម្នាក់ ៥ដុល្លារ។ ភ្លាមៗនោះ ក៏មានភ្ញៀវម្នាក់ទៀត បានដើរទៅសួរតម្លៃពីម្ចាស់កាណូត សិទ្ធិបូរណ៍ ក៏ត្រូវម្ចាស់កាណូតរូបនោះទម្លាក់តម្លៃមកត្រឹមតែ ៣ដុល្លារ។ ប៉ុន្តែចុងក្រោយ ភ្ញៀវជនជាតិកូរ៉េទាំង៤នាក់ ក៏បានសម្រេចចិត្តជិះកាណូតខាងនាង “ដារ៉ា បូត” វិញ ដោយគ្មានអ្នកបង្ខំ ឬចាប់ទាញដៃចុះកាណូតឡើយ។
នារីរងគ្រោះ បន្តថា បន្ទាប់ពីភ្ញៀវជិះកាណូតរបស់នាង ស្រាប់តែស្ត្រីជាជនបង្កហេតុ បានដើរមកទះកំផ្លៀងនាង ១ដៃ បណ្តាលឱ្យរបួសជាំមុខ និងភ្នែកខាងឆ្វេង ដោយចោទប្រកាន់ថា នាងដណ្តើមភ្ញៀវរបស់គាត់។ បន្ទាប់ពីបង្កហេតុរួច ស្ត្រីជាជនបង្កហេតុ ត្រូវបានប្តីរបស់ខ្លួនជាមន្ត្រីនគរបាល នាំគាត់គេចចេញពីកន្លែងកើតហេតុបាត់តែម្តង។
ក្រោយពេលកើតហេតុ ក៏មានវត្តមានលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដែលត្រៀមឡើងតួនាទីជាអភិបាលរងរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បី អន្តរាគមន៍ និងបានណែនាំឲ្យនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល និងប្រកាសតាមឃាត់ខ្លួនជនបង្កហេតុ យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះថា ស្ត្រីរូបនេះ តែងតែបង្កបទល្មើសជាញឹកញាប់ នៅទីតាំងកើតហេតុខាងលើ ហើយមិនដែលស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះទេ៕