ខេត្តកំពង់ធំ ៖ ស្ត្រីជាមេផ្ទះ ១ក្រុម តែងជួបជុំគ្នាសម្ងំលេងល្បែងស៊ីសង (បៀ) ជាប្រចាំ ដោយមានម្ចាស់ផ្ទះម្នាក់ ជាអ្នកបើកដៃ ផ្តល់ទីតាំងឱ្យលេង ទីបំផុតជាបុរសជាប្តី ហាមឃាត់មិនស្តាប់ ទើបដាច់ចិត្តរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះអន្តរាគមន៍ ឃាត់ខ្លួនបានចំនួន៧នាក់ យកទៅអប់រំណែនាំ។
ប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសង (បៀ) នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ឈ្មោះអន អេន ភេទស្រី ស្ថិតក្នុងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសងខាងលើ ធ្វើឡើង ដោយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនញៀនល្បែងសរុបចំនួន៧នាក់ (ស្រីទាំងអស់) រួមមាន ៖ ទី១-ឈ្មោះអន អេន ភេទស្រី អាយុ៣៧ឆ្នាំ (ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះឌី មុំ ភេទស្រី អាយុ៤០ឆ្នាំ។ ទី៣-ឈ្មោះអ៊ី ហឿង ភេទស្រី អាយុ៤៩ឆ្នាំ។ ទី៤-ឈ្មោះអ៊ុច អាង ភេទស្រី អាយុ៦២ឆ្នាំ។ ទី៥-ឈ្មោះគុណ ភាព ភេទស្រី អាយុ៦១ឆ្នាំ។ ទី៦-ឈ្មោះអ៊ិន សុគន្ធារម្យ ភេទស្រី អាយុ៣៥ឆ្នាំ និងទី៧-ឈ្មោះហេង គឹមហ៊ត ភេទស្រី អាយុ៥៤ឆ្នាំ។ ទាំង៧នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា ក្នុងចំណោមជនញៀនល្បែងទាំង ៧នាក់នេះ ភាគច្រើនជាមុខសញ្ញាចាស់ដែលធ្លាប់ឃាត់ខ្លួនយកទៅអប់រំជាច្រើនដងរួចមកហើយ នៅតែប្រព្រឹត្តបទល្មើស ដោយពុំរាងចាល។
ក្រោយមានការបង្ក្រាប ប្រជាពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើ បានសម្តែងនូវភាពរីករាយសប្បាយចិត្ត ចំពោះការបង្ក្រាបរបស់សមត្ថកិច្ច ព្រោះពួកគាត់មិនចង់ឱ្យមានល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រភូមិរបស់គាត់ឡើយ ដែលធ្វើឱ្យគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពធ្លាក់ចុះ៕