Thursday, November 28, 2024
Homeព័ត៌មានជាតិប្រពន្ធពោះធំ ប្តីជួបគ្រោះអកុសល

ប្រពន្ធពោះធំ ប្តីជួបគ្រោះអកុសល

ភ្នំពេញ ៖ បុរសម្នាក់ បានទៅជួបជុំហូបចុកជាមួយមិត្តភក្តិ រហូតដល់យប់ជ្រៅ បានទូរស័ព្ទប្រាប់ប្រពន្ធថា ទៅដល់ផ្ទះឥឡូវហើយ រួចក៏ឡើងជិះម៉ូតូជាមួយមិត្តភក្តិ សំដៅមកផ្ទះវិញ ស្រាប់តែអកុសល បែរជាជួបគ្រោះថ្នាក់ដួលម៉ូតូដោយខ្លួនឯង បណ្តាលឱ្យមិត្តភក្តិជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ចំណែកបុរសរូបនោះ បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ធ្វើឱ្យស្ត្រីជាប្រពន្ធដែលកំពុងពពោះ ៥ខែ មកដល់ ស្រែកទួញយំសោកបោកខ្លួន អង្រួនដាស់សពប្តី ឱ្យត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចម្តុំមុខវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះរាជ អាយុ២២ឆ្នាំ មុខរបរអ្នកបើករថយន្ត មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង មានប្រពន្ធកំពុងពពោះជាង៥ខែ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះភាព សុភា អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-3877 (ម៉ូតូខ្ចីបង)។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្តីរបស់នាង (ជនរងគ្រោះឈ្មោះរាជ) បានយកឡានទៅជួសជុល រួចក៏បង្ហួសទៅហូបស្រាបៀរជាមួយមិត្តភក្តិ រហូតដល់ម៉ោងប្រហែល ១១យប់ ទើបរូបនាងជាប្រពន្ធ បានទូរស័ព្ទទៅប្រាប់ប្តីថា “បងកុំ នៅយូរពេក ប្រញាប់មកផ្ទះវិញ យប់ហើយ អូននៅផ្ទះម្នាក់ឯង” ពេលនោះ ប្តីរបស់នាងបានប្រាប់ថា “បងទៅដល់ផ្ទះឥឡូវហើយ”។ លុះក្រោយពីនាងដាក់ទូរស័ព្ទប្តីចុះ បានមួយសន្ទុះ ស្រាប់តែទទួលបានដំណឹងថា ប្តីរបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ទៅហើយ ចំណែកមិត្តភក្តិរបស់គាត់ជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

អ្វីដែលជារឿងគួរឱ្យសោកសង្រេងនោះ គឺក្រោយពីទទួលបានដំណឹងថា ប្តីរបស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិតនោះ ស្ត្រីជាប្រពន្ធជនរងគ្រោះ ដែលកំពុងមានផ្ទៃពោះ៥ខែ បានប្រញាប់ប្រញាល់ធ្វើដំណើរមកដល់ទីតាំងកើតហេតុភ្លាមៗ លុះមកដល់ ឃើញប្តីដេកស្លាប់ស្តូកស្តឹង ក៏ស្រែកទ្រហោយំ អង្រួនដាស់សពប្តី ហៅឱ្យត្រឡប់ទៅផ្ទះវិញ ដោយពោលពាក្យថា “បងអើយ! បងហា ងើបឡើង ត្រឡប់ទៅផ្ទះយើងវិញ មិញហ្នឹងអូនខលទៅបងឯង ឱ្យត្រឡប់មកផ្ទះវិញ បងឯងថា បងទៅដល់ផ្ទះវិញឥឡូវហើយ ម៉េចបានពេលនេះ ទៅបាត់ ចោលអូននិងកូនបែបនេះទៅវិញ…”។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES