Thursday, November 28, 2024
Homeព័ត៌មានជាតិចុះអូរលាងជើង ខ្សែភ្លើងឆក់ស្លាប់

ចុះអូរលាងជើង ខ្សែភ្លើងឆក់ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រួសារជាពលករខ្មែរចំណាកស្រុក (៣នាក់ឪពុកម្តាយនិងកូន) បាននាំគ្នាធ្វើដំណើរត្រឡប់មកពីប្រទេសថៃ បំណងវិលទៅស្រុកកំណើតវិញ ដល់ត្រង់ចំណុចព្រំដែន ក្បែរបន្ទាយទាហានឈុតខ្មៅ បុរសជាប្តី បានចុះទៅលាងជើងនៅក្នុងទឹកអូរ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធកូន។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ក្បែរបន្ទាយទាហានឈុតខ្មៅ ស្ថិតភូមិថាប់សេរី ឃុំថាប់សេដិត ស្រុកតាប្រាយ៉ា ប្រទេសថៃ។

កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨០៧ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសន ផល្លី ភេទប្រុស អាយុ៦៩ឆ្នាំ ជាពលករចំណាកស្រុក មានលំនៅ ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីប្រពន្ធ និងកូនរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ (ឪពុកម្តាយ និងកូន) បានត្រឡប់ពីធ្វើការនៅប្រទេសថៃ បំណងឆ្លងដែនវិលចូលស្រុកកំណើតវិញ តាមបន្ទាត់ព្រំដែននៅប្រទេសថៃ រួមជាមួយអ្នកស្រុកផ្សេងទៀត។ លុះពេលមកដល់ត្រង់ចំណុចមាត់អូរ ជនរងគ្រោះជាប្តី បានចុះលាងជើងនៅក្នុងទឹកអូរព្រំដែនក្បែរបន្ទាយឈុតខ្មៅទាហានថៃ ស្រាប់តែអកុសល ត្រូវខ្សែភ្លើងឆក់ ធ្លាក់ចូលទឹកអូរ ហើយត្រូវបានទាហានឈុតខ្មៅថៃ និងប្រជាពលរដ្ឋដែលទៅជាមួយ បាននាំគ្នាជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា ប្រទេសថៃ ភ្លាមៗដែរ ប៉ុន្តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨០៧ បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានថា មានជនរងគ្រោះម្នាក់ត្រឡប់ពីធ្វើការនៅប្រទេសថៃ តាមបន្ទាត់ព្រំដែន (ទៅព្រឹក វិលល្ងាច) ត្រូវខ្សែភ្លើងឆក់ស្លាប់ កម្លាំងនគរបាល ក៏បានទទួលយកសព ដឹកយកទៅផ្ទះជនរងគ្រោះ ហើយពិនិត្យនិងសាកសួរព័ត៌មាន គឺជនរងគ្រោះត្រូវបានខ្សែភ្លើងឆក់ បណ្តាលឱ្យស្លាប់ប្រាកដមែន។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES