Friday, September 20, 2024
Homeព័ត៌មានជាតិប្តីដឹកទៅសម្លាប់ ប្រពន្ធលោតពីលើម៉ូតូ

ប្តីដឹកទៅសម្លាប់ ប្រពន្ធលោតពីលើម៉ូតូ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ រួមរស់មិនចុះសម្រុងនឹងគ្នាសោះ ដោយសារតែបុរសជាប្តី មានចិត្តប្រចណ្ឌហួងហែងប្រពន្ធរបស់ខ្លួនខ្លាំងហួសហេតុ ទើបធ្វើឱ្យកើតមានរឿងរកាំរកូសនឹងគ្នាមិនឈប់ លុះចុងក្រោយ បុរសជាប្តី ក្រោយពីជក់ថ្នាំញៀន និងផឹកស្រាស្រវឹងជោក ក៏បានដឹកប្រពន្ធតាមម៉ូតូ បំណងយកទៅសម្លាប់ចោលនៅក្នុងព្រៃ ដោយបានសៀតដាវ ១ដើម ជាប់ម៉ូតូ ទៅជាមួយផង លុះប្រពន្ធដឹងខ្លួនទាន់ ក៏ស្ទុះលោតចុះពីលើម៉ូតូ ស្រែកឆោឡោហៅប្រជាពលរដ្ឋឱ្យជួយអន្តរាគមន៍ទាន់ពេល និងផ្អើលដល់សមត្ថកិច្ច ចាប់ឃាត់ខ្លួនបុរសជាប្តី នាំយកទៅសាកសួរ។

ហេតុការណ៍ប្តីដឹកប្រពន្ធយកទៅសម្លាប់ចោលនៅក្នុងព្រៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុង មួយខ្សែ ត្រង់ចំណុចម្តុំខាងក្រោយសាលារៀនសែនសុខ ស្ថិតក្នុងភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បុរសជាប្តីដែលប៉ុនប៉ងដឹកប្រពន្ធយកទៅសម្លាប់ចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉ា ភូមិ៧ អាយុប្រមាណ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានទួញយំរៀបរាប់ទាំងអារម្មណ៍ភ័យតក់ស្លុតថា រវាងគាត់និងបុរសជាប្តី (ជនសង្ស័យ) បានចាប់ដៃគ្នាជាប្តីប្រពន្ធ អស់រយៈពេលប្រមាណជាង១ឆ្នាំមកហើយ ដោយបានត្រឹមសែនព្រេនប៉ុណ្ណោះ មិនបានរៀបពិធីមង្គលការ ឬចុះអេតាស៊ីវិលអ្វីនឹងគ្នានោះឡើយ សូម្បីតែថ្លៃបណ្ណាការ (ថ្លៃទឹកដោះ) ក៏រូបនាង មិនបានយកពីប្តីដែរ ដោយយល់ថា ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ហើយនាងមើលឃើញថាប្តីនេះ មានវ័យចាស់ជាងនាង ហេតុនេះច្បាស់ជាចាស់ចិត្តចាស់គំនិត អាចមើលថែ ស្រលាញ់ថ្នាក់ថ្នមនាង ឱ្យរស់នៅក្នុងសេចក្តីសុខ សុភមង្គល ដឹងអីតាំងពីបានគ្នាជាប្តីប្រពន្ធមគ ជួបតែរឿងទឹកភ្នែកឥតល្ហែ។

ស្ត្រីរងគ្រោះជាប្រពន្ធ រៀបរាប់បន្តទាំងទឹកភ្នែកថា អំឡុងពេលរួមរស់ជាមួយគ្នាជាង១ឆ្នាំមកនេះ ប្តីរបស់នាងតែងធ្វើបាបផ្លូវចិត្តនាងមិនស្វាងសោះ ព្រោះតែប្តីនេះ មានចិត្តប្រចណ្ឌហួងហែង តែងរករឿងឈ្លោះប្រកែកជេរស្តី គំរាមសម្លាប់នាងជាញឹកញាប់ គ្រាន់តែមិនធ្លាប់ ប្រើអំពើហិង្សាអ្វីដាក់នាងធ្ងន់ធ្ងរនោះទេ។ កន្លងមក ដោយសារតែទ្រាំរួមរស់ជាមួយប្តីនេះលែងបាន នាងក៏បានចុះចោលផ្ទះម្តងរួចមកហើយ និងសុំផ្តាច់ទំនាក់ទំនងជាមួយប្តីដែរ តែប្តីមិនព្រម និងតាមទៅអង្វរលួងលោមរហូតដល់នាងទន់ចិត្ត វិលមករួមរស់ជាមួយគ្នាសាជាថ្មី ប៉ុន្តែនៅតែរកសុភមង្គលមិនឃើញដដែល។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ម្តាយរបស់នាង បានទូរស័ព្ទមករកនាង និងបានសួរនាំនាងថា យ៉ាងម៉េចហើយ មករួមរស់ជាមួយប្តីសាជាថ្មី មានក្តីសុខទេ ឬចេះតែបន្តឈ្លោះប្រកែកគ្នាដូចរាល់ដងទៀត? ស្រាប់តែប្តីរបស់នាង បានស្តាប់ឮ ក៏ខឹងច្រឡោត រករឿងឈ្លោះប្រកែកជាមួយនាងអស់ចិត្ត ក៏ចេញទៅផឹកស៊ី និងជក់ថ្នាំញៀនបាត់ទៅ។ រហូតមកដល់វេលាម៉ោង ១១យប់ ថ្ងៃដដែល ក៏លេចមុខប្តីត្រឡប់មកដល់ផ្ទះវិញ ហើយក៏បានរករឿងនាងសាជាថ្មី។ បន្ទាប់មក ប្តីរបស់នាង បានបបួលនាងថា ទៅផ្ទះម្តាយ ដើម្បីដោះស្រាយគ្នា ទើបនាងយល់ព្រមឡើងជិះម៉ូតូជាមួយប្តី ចេញពីផ្ទះឯភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សំដៅទៅផ្ទះម្តាយ។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅពេលដែលឡើងជិះម៉ូតូជាមួយប្តីមកនោះ នាងមិនបានដឹងថា ប្តីបានដាក់ដាវ ១ដើម តាមម៉ូតូ មកជាមួយនោះទេ លុះពេលជិះតាមផ្លូវ ប្តីរបស់នាងបានគំរាមសម្លាប់នាងចោល រួចប្រាប់ថា គាត់នឹងដឹកនាងចូលទៅក្នុងព្រៃ ហើយអារកសម្លាប់ចោលតែម្តង ព្រោះគាត់មានដាវដាក់តាមមកស្រាប់ លុះនាងអើតមើល ក៏ឃើញថាប្តីពិតជាមានដាវជាប់ម៉ូតូមែន ជាហេតុធ្វើឱ្យនាងភ័យស្លន់ស្លោ មិនដឹងត្រូវធ្វើម៉េច ក៏សម្រេចលោតចុះពីលើម៉ូតូ បណ្តាលឱ្យដួលរលាត់ដៃជើង រួចស្រែកឆោឡោហៅគេឯងឱ្យជួយ ទើបផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ចេញមកសួរនាំ និងជួយឃាត់ប្តីនាងទាន់ ពុំនោះទេ នាងច្បាស់ជាស្លាប់ក្រោមស្នាដៃប្តីកំណាចនេះជាមិនខានឡើយ។ អ្វីដែលរូបនាងចង់បាននៅពេលនេះ គឺគ្រាន់តែចង់ឱ្យសមត្ថកិច្ចចាត់ការប្តីកំណាចនេះទៅតាមច្បាប់ និងសុំលែងលះឱ្យដាច់ស្រេចជាមួយប្តីនេះតែម្តង។

ដោយឡែក តាមសម្តីបុរសជាប្តី បាននិយាយទាំងស្ថានភាពស្រវឹងជោក សឹងរកស្តាប់គ្នាមិនបានថា គាត់ដឹកប្រពន្ធចេញពីផ្ទះ បម្រុងទៅផ្ទះម្តាយ នៅម្តុំត្រឡោកបែក។ កន្លងមក រួមរស់ជាមួយគ្នា គាត់យល់ពីនាង តែនាងមិនដែលយល់ពីគាត់ទេ នៅក្បត់គាត់ទៀត ទើបគាត់ចង់ឱ្យនាងកែ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ បានចុះមកអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបុរសជាប្តី នាំយកទៅសាកសួរ ព្រមទាំងនាំស្ត្រីជាប្រពន្ធ ទៅជាមួយផងដែរ ដើម្បីធ្វើការដោះស្រាយគ្នា៕

RELATED ARTICLES