Thursday, November 28, 2024
Homeព័ត៌មានជាតិមិត្តភក្តិធ្លាក់ទឹក ២នាក់ចុះជួយ លង់ស្លាប់ទាំង៣

មិត្តភក្តិធ្លាក់ទឹក ២នាក់ចុះជួយ លង់ស្លាប់ទាំង៣

ខេត្តកំពង់ធំ ៖ ក្មេងប្រុសចំនួន៣នាក់ បាននាំគ្នាចុះទៅលេងនៅទំនប់បង្ហៀរទឹក មួយកន្លែង លុះក្រោយមក ស្រាប់តែមានក្មេងប្រុសម្នាក់ រអិលជើងធ្លាក់ទឹក ទើបមិត្តភក្តិ ២នាក់ទៀត បានស្ទុះទៅជួយភ្លាមៗដែរ តែមិនត្រឹមតែជួយមិនបាន បែរជាត្រូវទឹកហូរកួច បាត់ខ្លួនទាំង៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះរាវរកយ៉ាងសស្រាក់សស្រាំ អស់ពេល ១យប់១ថ្ងៃ ទម្រាំរកឃើញសពក្មេងប្រុសទាំង៣នាក់ នាំយកមកប្រគល់ឱ្យក្រុមគ្រួសារ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់ទឹកបង្ហៀរក្រុមហ៊ុន លឹម ប៊ុណ្ណា ស្ថិតនៅក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង។

ក្មេងប្រុសរងគ្រោះទាំង ៣នាក់ ដែលបានលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះប៉ា វណ្ណារដ្ឋ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុលស្ទោង។ ទី២-ឈ្មោះនី សុផានិត អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង  ស្រុកស្ទោង និងទី៣-ឈ្មោះប៉ា បញ្ញាលាងសុផានិត អាយុ១២ឆ្នាំ មានលំនៅភូមិបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះទាំង៣នាក់ ខាងលើ បាននាំគ្នាទៅលេងនៅទំបន់បង្ហៀរទឹក ក្រុមហ៊ុនលឹម ប៊ុណ្ណា (ទីតាំងកើតហេតុខាងលើ) លុះក្រោយមក ស្រាប់តែក្មេងប្រុសម្នាក់ ឈ្មោះប៉ា បញ្ញាលាងសុផានិត បានរអិលជើងធ្លាក់ទឹក ឃើញបែបនេះក្មេងប្រុសម្នាក់ទៀតឈ្មោះនី សុផានិត បានចុះទៅជួយចាប់ទាញដៃ ខណៈនោះក៏មានក្មេងប្រុសម្នាក់ទៀតឈ្មោះប៉ា វណ្ណារ័ត្ន ក៏បានចុះទៅជួយដែរ ប៉ុន្តែជួយមិនបាន បែរជាត្រូវបានទឹកហូរកួចលិចបាត់ទាំង៣នាក់តែម្តង។

ក្រោយពេលទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចស្រុកស្ទោង និងសាច់ញាតិ  ព្រមទាំងក្រុមជួយសង្គ្រោះ បានប្រឹងប្រែងស្វែងរករហូតដល់ម៉ោង៧យប់ ថ្ងៃដដែល នៅតែរកជនរងគ្រោះទាំង៣នាក់នោះមិនឃើញឡើយ។ បន្ទាប់មក នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក៏ចាប់ផ្តើមរាវរកសាជាថ្មី និងបានប្រើពេលវេលារហូតដល់ម៉ោងប្រមាណ ២និង៤៧នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ទើបរាវរកសពជនរងគ្រោះទាំង៣នាក់ឃើញ នៅត្រង់ចំណុចក្បែរកន្លែងកើតហេតុ ចម្ងាយប្រមាណ ១០០ម៉ែត្រ ទើបស្រង់ឡើងមកលើគោក ដើម្បីឱ្យសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ក្មេងប្រុសទាំង៣នាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES