ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ១ក្រុម មានគ្នា ៥នាក់ ប្រដាប់ដោយកាំបិតច្នៃ ១ដើម បានធ្វើសកម្មភាពដេញកាប់ប្រហារ ទៅលើយុវជន ២នាក់ ដែលធ្លាប់មានជម្លោះនឹងគ្នាពីមុនមក បណ្តាលឱ្យយុវជនម្នាក់ រងរបួសរយះក្បាលយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួនបាន ១យប់ ក៏ត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវក្របួចជាប់ទាំង៥នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក។
ជនសង្ស័យទាំង៥នាក់ ដែលកាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអៀន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ទី២-ឈ្មោះយួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ទី៣-ឈ្មោះអឿន លាបហេង ហៅផេង ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ទី៤-ឈ្មោះណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងទី៥-ឈ្មោះម៉ែន ជូស៊ឹង ហៅសិញ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
រីឯវត្ថុតាងដកហូត រួមមាន ៖ ១-កាំបិតច្នៃ ដងរុំស្កុតពណ៌ខ្មៅ ប្រវែង ០,៦១ម៉ែត្រ ចំនួន១ដើម។ ២-ម៉ូតូ ចំនួន៣គ្រឿង។ ៣-កាំភ្លើងហ្គាស់ ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន១ដើម។ ៤-កំប៉ុងហ្គាស់ ចំនួន១ និង៥-គ្រាប់ជ័រ ចំនួន១ថង់។
ចំណែកជនរងគ្រោះ មានចំនួន ២នាក់ ទី១-ឈ្មោះខោត មុនា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក (រងរបួសក្បាលខាងក្រោយផ្នែកខាងស្តាំចំនួន១កន្លែង) និងទី២-ឈ្មោះឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក (ពុំមានរងរបួសទេ)។
លោកឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បើកប្រតិបត្តិការបង្ក្រាបក្មេងទំនើងចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនានិងកាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក។
លោកបញ្ជាក់ថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះខោត មុនា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងរបស់លោក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់ បានជនបង្កហេតុ ចំនួន៥នាក់ ព្រមទាំងដកហូតវត្ថុតាងដូចខាងលើ រួចនាំយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។
នៅចំពោះមុខកម្លាំងអាវុធហត្ថ ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូ កាន់កាំបិតដេញកាប់ទៅលើជនរងគ្រោះ ចំនួន២នាក់ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់ ប្រាកដមែន គឺជនរងគ្រោះឈ្មោះខោត បណ្តាលឱ្យរងរបួសត្រង់ក្បាលខាងក្រោយផ្នែក ខាងស្តាំ១កន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះឆេង ឆាលី ពុំមានរងរបួសទេ។ មូលហេតុដោយសារពួកគេមានជម្លោះគ្នាពីមុនមក។
ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
ក្មេងទំនើងទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី៕