Tuesday, November 26, 2024
Homeព័ត៌មានជាតិករណីផ្សារអូឫស្សី អាជ្ញាធរផ្តល់ជម្រើស៣

ករណីផ្សារអូឫស្សី អាជ្ញាធរផ្តល់ជម្រើស៣

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ដោយអាជ្ញាធរបានសម្រេចផ្តល់ជម្រើស៣ ដល់ ក្រុមអាជីវករ ក្នុងការបង់ប្រាក់អាណត្តិថ្មី ២០ឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២  បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាពលោកកើត ឆែ និងលោកនួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សី ចំនួន៥រូប។

ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានស្វាគមន៍និងអនុញ្ញាតឱ្យតំណាងអាជីវករ លើកឡើងនូវសំណូមពរផ្ទាល់មាត់ បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។ ចំពោះសំណើសុំទាំងមុនទាំងក្រោយ មានចំនួន ៤ចំណុច ដូចខាងក្រោម ៖

– កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត

– ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន

– ស្នើសុំបង់ត្រឹម ៥០ភាគរយ នៃតម្លៃអាណត្តិចាស់

– សូមឱ្យមានការជួសជុលផ្សារ នាឆ្នាំ២០២៣ ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពីបង់អាណត្តិថ្មីរួច

តំណាងអាជីវករផ្សារអូរឫស្សី បានលើកបន្ថែមឡើងថា ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យការលក់ដូរក្នុងផ្សារអូរឫស្សី មានការធ្លាក់ចុះ ទើបបងប្អូនអាជីវករ មានសំណូមពរដូចខាងលើ ពិសេសការស្នើសុំបង់ត្រឹម ៥០ភាគរយ នៃតម្លៃអាណត្តិចាស់។

រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនតំណាងអាជីវករទាំងអស់ ចំពោះតម្លៃនៃការបង់ រយៈពេល២០ឆ្នាំ គឺជាតម្លៃកាលពី ២០ឆ្នាំមុន ដែលបងប្អូនធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃប្រសិនបើយើងចែកជាប្រចាំឆ្នាំ ខែ និងថ្ងៃ ឃើញថា ចំពោះប្រភេទតូប-ស្តង់ តម្លៃខ្ពស់បំផុតមានតម្លៃ ៣៣០០ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ដុល្លារ ក្នុង១ឆ្នាំ បើចែកជាខែ ត្រូវបង់ ១៣,៧៥ដុល្លារ ក្នុង១ខែ បើចែកជាថ្ងៃ ត្រូវបង់ ០,៤៥ដុល្លារ ក្នុង១ថ្ងៃ ឬស្មើ ១៨០០រៀលក្នុង១ថ្ងៃ និងតម្លៃទាបបំផុតគឺចំនួន ១៩៨០ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ៩៩ដុល្លារ ក្នុង១ឆ្នាំ បើចែកជាខែ ត្រូវបង់ ៨,២៥ដុល្លារ ក្នុង១ខែ បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ដុល្លារក្នុង១ថ្ងៃ ឬស្មើ ១០៨០រៀល ក្នុង១ថ្ងៃ ដែលនេះបង្ហាញថា ជាតម្លៃទាបបំផុត។

បងប្អូនអាជីវករ អាចបន្តការលក់ដូររហូត តកូនតចៅ ក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយបងប្អូនអាជីវករ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន។

បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសារប្រយោជន៍នៃការបង់តម្លៃតូបនេះ គឺដើម្បីធានានូវអាជីវកម្មរបស់បងប្អូនឱ្យនៅជាប្រក្រតី រយៈពេល ២០ឆ្នាំបន្តទៀត រដ្ឋបាលរាជធានីភ្នំពេញ ស្នើតំណាងបងប្អូនអាជីវករ យកលទ្ធផលនៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករផ្សារអូរឫស្សី ទាំងអស់ ដូចខាងក្រោម ៖

១- ចំពោះអាណត្តិថ្មីនៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤២។

២- ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មីនៃកិច្ចសន្យា បងប្អូនអាជីវករ អាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដូចខាងក្រោម ៖

– ជម្រើសទី១ ៖ បង់ប្រាក់ ១លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ

– ជម្រើសទី២ ៖ បង់ប្រាក់ ២លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់ ១០ឆ្នាំម្តង

– ជម្រើសទី៣ ៖ បង់ប្រាក់ ៤លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់ ៥ឆ្នាំម្តង…៕

RELATED ARTICLES