ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឫទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការស៊ើបអង្កេត ស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើប មានភ័ស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ ឈានដល់ការបង្ក្រាបជាក់ស្តែង ដោយដកហូតបានគ្រឿងញៀន ជាច្រើនប្រភេទ សរុប ២៦គីឡូក្រាម ២ខាំ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឫទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដោយបានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបឈានដល់ការបង្ក្រាបជាក់ស្តែង ដកហូតគ្រឿងញៀន សរុប ២៦គីឡូក្រាម ២ខាំ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ទី១-ឈ្មោះហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២៣ឆ្នាំ និងទី២-ឈ្មោះហ៊ាត រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ។
វត្ថុតាងពាក់ព័ន្ធដែលអាវុធហត្ថបង្ក្រាបបានក្នុងប្រតិបត្តិការនេះ រួមមាន គ្រឿងញៀនចម្រុះសរុប ២៦គីឡូក្រាម ២ខាំ (២៦,១៩៩៨គីឡូក្រាម) សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប ជញ្ជីងថ្លឹងចំនួន៥ ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន២ ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិក ចំនួន៥ ព្រមទាំងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា យកទៅបន្តការស្រាវជ្រាវទៅកាន់ គោលដៅមួយកន្លែងទៀត នៅក្នុងអឹផាតមិនមួយ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឆែកឃើញសារធាតុផ្សំ កាកសំណល់គ្រឿងញៀន ឧបករណ៍សម្រាប់លាយនិងកែច្នៃគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីបានបញ្ចប់ការស៊ើបអង្កេតនិងស្រាវជ្រាវ៕