Tuesday, November 26, 2024
Homeព័ត៌មានជាតិប្តីថៅកែហាងខារ៉ាអូខេ ចោទធ្វើស៊ី ប្រពន្ធឆ្លើយតប ព្រមានបកស្បែកមុខ

ប្តីថៅកែហាងខារ៉ាអូខេ ចោទធ្វើស៊ី ប្រពន្ធឆ្លើយតប ព្រមានបកស្បែកមុខ

ខេត្តព្រះសីហនុ ៖ ក្រោយពេលប្ដីវ័យចំណាស់ អាយុច្រើនជាងខ្លួនដល់ទៅជាង៣០ឆ្នាំ និងជាថៅកែហាងខារ៉ាអូខេ ចោទធ្វើកិច្ចសន្យាធ្វើស៊ី និងលួចយករបស់របរទៅអស់ សូម្បីតែកូនឆ្កែមួយក្បាល ក៏មិនទុកឲ្យនោះ ស្រ្តីជាប្រពន្ធ ដែលជាម្ចាស់ហាងសាឡន បានឆ្លើយតប ដោយព្រមានបកស្បែកមុខប្ដីនេះវិញ ដោយអះអាងថា ខ្លួនមានភ័ស្តុតាងគ្រប់គ្រាន់ទាំងអស់ ដែលប្តីនេះផិតក្បត់ លួចមានស្រី។

          មកដល់ពេលនេះ ការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក នៅបន្តកើតមាន ចំពោះរឿងរ៉ាវប្ដីប្រពន្ធមួយគូ ដែលបុរសជាប្ដី មានឈ្មោះអ៊ឹង ស៊ីហេង អាយុ៥៩ឆ្នាំ ជាអាណិកជនខ្មែរ នៅអាមេរិក (ចូលនិវត្តន៍) មិនចេះអក្សរខ្មែរ ចេះតែភាសាអង់គ្លេស និងភាសាចិន ព្រោះបានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីអាយុ១១ឆ្នាំ ក្រោយបែកសម័យប៉ុល ពត និងបច្ចុប្បន្នជាថៅកែហាងខារ៉ាអូខេ និងភោជនីយដ្ឋាន ឡាឡូន នៅភូមិ៣ សង្កាត់១ (ម្ដុំឃ្លាំងលើ) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចោទប្រពន្ធដែលរត់ចោលខ្លួនថា មានប្រុសថ្មី (អ្នកទី៣) និងបានលួចទ្រព្យសម្បត្តិ ជាពិសេសរថយន្តទំនើប តម្លៃជាង ៦ម៉ឺនដុល្លារ ។ ចំណែកស្រី្តជាប្រពន្ធ ដែលមានឈ្មោះសាំង ស៊ូឡុង អាយុ២៩ឆ្នាំ ម្ចាស់ហាងចែជូ សាឡន បានចោទប្ដីថា មានស្រី ដោយតាមទាន់នឹងភ្នែក ទើបនាងសម្រេចចិត្តចាកចេញពីផ្ទះ ដោយយកឡានដែលជាទ្រព្យរួម យកទៅទុកនៅកន្លែងមានសុវត្ថិភាព បង្ការប្ដីយកទៅលក់ ។ ប៉ុន្តែពេលនេះ ឡាននេះ ស្ថិតនៅក្នុងដៃបុរសជាប្ដី ដែលនាងជាប្រពន្ធ នៅតែព្យាយាមទាមទារយកមកវិញ ហើយបានបន្តចោទប្ដីនេះថា ប្រើអំពើហិង្សាលើនាងជាប្រពន្ធ និងហ៊ានទាំងជេរដៀលម្ដាយរបស់នាង ដែលជាម្ដាយក្មេក ទើបនាងគិតថា មិនអាចអត់ទ្រាំបាន ត្រូវតែបកស្បែកមុខគេ នាពេលខាងមុខ តាមភ័ស្តុតាងដែលនាងមានក្នុងដៃ ។

          អ្នកស្រីសាំង ស៊ូឡុង អាយុ២៩ឆ្នាំ ជាម្ចាស់ហាងចែជូ សាឡន ដែលបច្ចុប្បន្នរស់នៅខេត្តព្រះសីហនុ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងន័យការពារខ្លួនអ្នកស្រីពីការចោទប្រកាន់របស់ប្ដី និងព្រមានប្ដីនោះវិញថា “សូមជម្រាបសួរបងប្អូនក្នុងសង្គមហ្វេសប៊ុក សូមជួយពិចារណាដល់នាងខ្ញុំ សាំង ស៊ូឡុង ដែលជាស្ត្រីទន់ខ្សោយម្នាក់ ដែលកំពុងជួបនឹងវិបត្តិ ដោយអតីតប្តី ឈ្មោះ អ៊ឹង ស៊ីហេង បានប្រព្រឹត្តអំពើផិតក្បត់ ។ ដូចដែលបងប្អូនបានឃើញហើយ អតីតប្តីខ្ញុំ លោកអ៊ឹង ស៊ីហេង រាល់ថ្ងៃនេះគាត់ប្រឹងប្រែងណាស់ដើម្បីរកវិធីសាស្រ្ត កលល្បិចគ្រប់សព្វបែបយ៉ាង ដោយការបង្ហោះហែកហួរពីនេះពីនោះ ប្រើប្រាស់ពាក្យសម្ដីកុហកដោយមិនប៉ប្រិចភ្នែក ពេលនេះនាងខ្ញុំសូមឆ្លើយតបនឹងការផុសរបស់លោកអ៊ឹង ស៊ីហេង (អតីតប្តី) ដូចតទៅ ៖

១- លោកឯងថាមិនចេះអក្សរខ្មែរ តែលោកឯងចំណាស់តាខ្ញុំហើយ  ថែមទាំងជាអាណិកជនទៀត ខួរក្បាលឆ្លាតលើសគេឯង សុំសួរថា ម៉េចលោកឯងល្ងង់ផ្តិតមេដៃ បើមើលអក្សរខ្មែរមិនដាច់ បើអត់ភ្នែកមើលមិនដាច់ ក៏មានត្រចៀកស្តាប់ដែរ ។

២- ចុះអ្នកណាបង្ខំអ្នកឯងមិនឲ្យរកបរិវារទៅអមជាមួយ ដើម្បីជួយអានអក្សរឲ្យស្តាប់!?!  ហើយមុននឹងធ្វើកិច្ចសន្យា អ្នកឯងគឺជាអ្នកណាត់ពួកគាត់ (មីង) ដោយខ្លួនឯងពីរបីដង ដោយមិនឲ្យខ្ញុំជាប្រពន្ធទៅជាមួយផង រហូតដល់ថ្ងៃដែលធ្វើកិច្ចសន្យាផិតក្បត់នេះ ទើបឲ្យខ្ញុំដឹង។

៣- ឯកសារអ្នកឯង អត់មានថ្ងៃខែ តែឯកសារនៅនឹងដៃខ្ញុំ មានថ្ងៃខែច្បាស់ ដែលសសេរដោយដៃលោកអ៊ឹង ស៊ីហេង ខ្លួនឯងផ្ទាល់ មើលអក្សរខ្លួនឯងដាច់អត់? បើបដិសេធទៀត ទើបគេហៅថា “ថោកទាប” ។

 ឯកសារមិនមានត្រាភូមិ ឃុំ សង្កាត់ ហើយចោទថា ពួកខ្ញុំធ្វើស៊ីលោកឯង តើស៊ីកន្លែងណាខ្លះ? ហើយបានស៊ីស្អីខ្លះ? ហើយលោកឯងខាតបង់ស្អីខ្លះ? សូមបកស្រាយ  ការណាត់ជួប គឺដូចជាលក្ខណៈគ្រួសារ នៅហាងល្អៗដែលលោកជាអ្នកជ្រើសរើសទៀត មិនដែលមានអ្នកបង្ខិតបង្ខំឡើយ  ហើយលក្ខខណ្ឌក្នុងកិច្ចសន្យា មានទាំងអស់ ៥ចំណុច  ក្នុងនោះមាន៤ចំណុច គឺជាការស្នើសុំរបស់លោកអតីតប្តី អ៊ឹង ស៊ីហេង  ចំណែកនាងខ្ញុំ សុំតែមួយចំណុចចុងក្រោយទេ គឺប្រការទី៥ (សូមបងប្អូនមើលកិច្ចសន្យាដែលនាងខ្ញុំបង្ហោះចុះ) ព្រោះខ្ញុំដឹងច្បាស់ថា លោកឯងពិតជាមានទំនាក់ទំនងលើសពីថៅកែនិងកូនចៅ ជាមួយវាមែន ហើយថ្ងៃណាមួយ នឹងបង្ហាញកន្ទុយ ។

នាងខ្ញុំមានឃ្លីបវីដេអូ និងសំឡេងទាំងអស់ តាំងពីថ្ងៃកើតហេតុដំបូង និងគ្រប់រឿងរ៉ាវដែលលោកឯងកំពុងតែប្រឌិតខុសពីការពិត។ សូមបងប្អូនរង់ចាំឲ្យដល់ថ្ងៃនោះ ទើបបងប្អូនបានដឹងច្បាស់ថា អាណិកជនខ្មែរ-អាមេរិក ម្នាក់នេះ វាមានកលល្បិចសាហាវយ៉ាងណា ចរិតវាពីមុនថ្លៃថ្នូរ មិនដែលអ៊ីចឹង តែតាំងពីវាទៅយកមីស្រីសំផឹងម្នាក់ហ្នឹងមក ចរិតវាក៏ប្រែប្រួលទៅជាសាហាវ និងប្រើអំពើហិង្សាមកលើនាងខ្ញុំទៀត (ឆ្នាំងណា គ្របហ្នឹង) សាហាវជានេះទៅទៀត គឺវាពូកែជេរ ដៀលត្មះគ្រប់សព្វបែបយ៉ាង សូម្បីម្តាយខ្ញុំដែលជាម្តាយក្មេកវា ក៏វាដៀល ជេរ ដោយមិនខ្លាចនរកដែរ។ សូមបងប្អូនជួយពិចារណា ហើយកុំមើលតែការសម្តែងរបស់វាពេក ភ័ស្តុតាង ខ្ញុំមានទាំងអស់ ដល់ពេលណាដែលស្បែកមុខវាត្រូវបានបកអាក្រាតហើយនោះ ពួកអ្នកដែលពាក់ព័ន្ធ គប់គិតទាំងអស់ ត្រូវតែចូលមកបំភ្លឺ។ សូមអរគុណ“ ។

          អ្នកស្រីសាំង ស៊ូឡុង បានសរសេរបន្ថែម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ជាកំណាព្យបែបចម្រៀង រៀបរាប់ពីក្ដីអភ័ព្វរបស់ខ្លួនដែលត្រូវប្ដីធ្វើបាបថា ៖

១- នាងខ្ញុំស៊ូឡុង នារីអភ័ព្វ មានគូមិនគាប់ លួចក្បត់ភរិយា ចាប់បានផ្ទាល់ភ្នែក នៅមិនរេរា ការពារស្រីវា ចង់វាយខ្ញុំទៀត ។

២- ខ្ញុំសែនខូចចិត្ត ខំគេចទៅម្ខាង តែប្រុសវាអាង សម្បត្តិក្នុងដៃ ប្រើកលគ្រប់សព្វ ចោទខ្ញុំចង្រៃ សម្តែងរាល់ថ្ងៃ ឲ្យគេអាណិត ។

៣- ភ្លេចគ្រាលំបាក ដេកពេទ្យវះកាត់ ប្រពន្ធខ្វែងខ្វាត់ មើលថែរក្សា តែពេលខ្ញុំឈឺ អ្នកឯងមុសា លួចលាក់ស្នេហា ជាមួយស្រីក្មេង ។

៤- ពេលនេះអាសូរ ឡានឡង់គ្រីសឺរ លោកឯងភ័យញ័រ ចង់លក់គ្នាហើយ តែមកបង្ខូច ផុសឥតល្ហែល្ហើយ ថាខ្ញុំនេះហើយ យកទៅប្លុងចោល ។

៥- ឥឡូវវេនកម្ម តាមផ្តន្ទាវា ទៅមកវេទនា ព្រោះអត់ហ៊ានជិះ ទៅខ្ចី ៣០០ ពីអាសំគីស ថាយកមកជិះ កំដរជីវិត ។

៦- តិចទៀតអស់លក្ខណ៍ អតីតប្តីអើយ កម្មពៀរដល់ហើយ ហួសពេលស្តាយក្រោយ ភ័ស្តុតាងគ្រប់សព្វ ខ្ញុំមិនបណ្តោយ លោកឯងចោទឡើយ ណាប្តីសម្លាញ់“ ។

          ទោះបីយ៉ាងណា ជាការឆ្លើយតបទៅប្រពន្ធវិញ លោកអ៊ឹង ស៊ីហេង ជាប្ដី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ថា លោកអត់ខ្លាចការព្រមានបកស្បែកមុខរបស់ប្រពន្ធនេះទេ ព្រោះលោកកំពុងរង់ចាំនាងស្រាប់ហើយ ក្នុងការចូលខ្លួនមកដោះស្រាយជាមួយលោក តាមផ្លូវតុលាការ ខណៈដែលនាង បានយកអ្វីៗពីលោកទៅអស់ហើយ សូម្បីតែកូនឆ្កែមួយ ជាបេះដូងលោកចុងក្រោយ ក៏ហ៊ានមកលួចយកទៅដែរ ដែលចាត់ទុកជារឿងថោកទាប ហើយនៅមានរឿងជាច្រើនទៀត ដែលលោកក៏បកអាក្រាតលាតត្រដាងពីនាងដែរ ។ ដូច្នេះលោកសុំផ្ដាំទៅនាង មិនបាច់ប្រកាសតាមបណ្ដាញសង្គម ហ្វេសប៊ុក ឬផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានទេ ចូលមកជួបលោកជាប្ដីផ្ទាល់មក ព្រោះលោកកំពុងរង់នាង អស់រយៈពេល ២៥ថ្ងៃហើយ ។

          លោកអ៊ឹង ស៊ីហេង បានបញ្ជាក់ថា “អត់ទេ! អ្នកដែលធ្វើត្រូវ គេដឹង អ្នកដែលធ្វើខុស ក៏គេដឹងកំហុសគេ ។ គាត់មានភ័ស្តុតាងប៉ុន្មាន ឲ្យគាត់ត្រៀមខ្លួនទៅ ព្រោះខ្ញុំបានដាក់ពាក្យបណ្ដឹងហើយ ហើយយកពាក្យបណ្ដឹង លិខិតទៅអញ្ជើញមក គាត់អត់ព្រមទទួលយក ។ ហេតុអី្វអ្នកដែលត្រឹមត្រូវ គេចវេះ រត់ពួន ឥឡូវ ២៥ថ្ងៃហើយ ហើយយើងជាប្រពន្ធពេញច្បាប់ មានអេតាស៊ីវិល មកវ៉ៃបុគ្គលិកខ្ញុំអី ។ និយាយទៅ គាត់ព្រៃផ្សៃ គាត់ប្រើហិង្សា ។ អូខេ! គាត់ថាខ្ញុំជេរ វ៉ៃអី យកមក! ខ្ញុំនៅចាំនៅផ្ទះ នៅហាង ហៅគាត់ច្រើនលើកច្រើនសា គាត់អត់មក ប៉ុន្តែឥឡូវខ្ញុំអត់ហៅទេ ខ្ញុំលែងចាំហើយ ឲ្យមេធាវីខ្ញុំអ្នកហៅហើយ បន្តិចទៀត បើគាត់អត់មក តុលាការគេនឹងហៅម្ដង បើថាគាត់លែងមក ហេ្សរ៉ូ! ម្យ៉ាងទៀត ទះដៃម្ខាង វាអត់ឮទេ បុគ្គលប្រុស ភាគីប្រុស គាត់អត់ទាន់មានឱកាសមកតបឆ្លើយទេ ម៉្លោះហើយ ខ្ញុំចង់ប្រាប់បងប្អូនថា បងប្អូនកុំឆ្ងល់ ល្ខោនបាសាក់ហ្នឹង វាលេង ២៥ថ្ងៃមកហើយ ហើយឃើញតែតួស្រីរហូត មកប្រកាសថា បកមុខប្រុស តែសុំអត់ធ្មត់បន្តិច គឺបន្តិចទៀត តួប្រុស ឬក៏តារាប្រុស គាត់មានឱកាសឡើងមកបកស្រាយ ហើយបិទគូទបណ្ដោយ ។ ហើយខ្ញុំអត់ខឹង អត់បន្ទោសអតីតប្រពន្ធខ្ញុំនេះទេ ព្រោះខ្ញុំមានកម្មពៀរនឹងគាត់ ប៉ុន្តែកម្មហ្នឹង ជិតសងរួចហើយ ហើយខ្ញុំនឹងមានសេរីភាពសាជាថ្មីវិញតែប៉ុណ្ណឹង» ។

          លោកអ៊ឹង ស៊ីហេង បន្តថា “ចំពោះរឿងកូនឆ្កែ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំជាអាណិកជន ក៏ដូចបងប្អូនខ្មែរយើងអ្នកបរទេសដែរ គឺស្រឡាញ់សត្វ ហើយកូនឆ្កែហ្នឹង និយាយទៅ ខ្ញុំទិញយកមកឲ្យគាត់ទេ តាំងពីប៉ុនកជើង ឥឡូវមកប៉ុនភ្លៅ ហើយនិយាយទៅថា ខ្ញុំស្រឡាញ់សត្វណាស់ ហើយយើងអត់កូន គាត់ (ឆ្កែ) ហ្នឹងដូចជាកូនខ្ញុំអ៊ីចឹង គឺកូនស្រីខ្ញុំហ្នឹង ខ្ញុំហៅវាមីសៗ ។ ពេលគាត់ (ប្រពន្ធ) ចុះចេញទៅ បើគាត់ស្រឡាញ់ឆ្កែហ្នឹងខ្លាំងណាស់ ម៉េចក៏មិនឱបប្រកៀកយកទៅតាមផង ។ ថ្ងៃមួយហ្នឹង ពេលដឹងថា ខ្ញុំអត់នៅហាង ក៏មកលួចយកកូនឆ្កែហ្នឹង ។ ខ្ញុំមិនជំទាស់ទេ ខ្ញុំស្រឡាញ់កូនឆ្កែហ្នឹង ដេកជាមួយខ្ញុំ តាំងពីមានបញ្ហាទៅ អត់ម្ដាយ គឺគាត់ (ប្រពន្ធ) ជាម្ដាយវា ខ្ញុំជាពុកវា មានន័យខ្លាំងណាស់ ហើយឆ្កែ វាអត់ក្បត់យើងទៀត ។ និយាយទៅ ស្រឡាញ់តាំងពីតូចដល់ឥឡូវ បើគាត់ចង់បាន គួរណាប្រាប់មួយម៉ាត់ថា មកយកកូនឆ្កែហើយ ទុកដាក់ឲ្យគាត់ផង ខ្ញុំមានទៅហួងហែងអី ប៉ុន្តែគាត់ប្រើហិង្សា កូនចៅឃាត់ថា ចាំជួបខ្ញុំសិន ព្រោះគ្នាកូនចៅ តួនាទីត្រូវការពារ ។ មិនមែនការពារអីទេ យើងសុវត្ថិភាព មើលភ្ញៀវ មើលបុគ្គលិក ពេលហ្នឹងម៉ោងបើករកស៊ីទទួលយកភ្ញៀវទៀត ហើយគាត់មកកូរអ៊ីចឹង ហើយមិនត្រឹមប៉ុណ្ណឹង គាត់នាំសារព័ត៌មានមួយមក ហើយមួយទៀត ប៉េអឹម យកមកគំរាម ហើយកូនឆ្កែមួយ ចាំបាច់ធ្វើដល់ថ្នាក់ហ្នឹង? ហើយគាត់ដល់ថ្នាក់យកទូរស័ព្ទដាក់ក្បាលសន្តិសុខ ដែលមើលទៅទោះបីគាត់ជាប្រពន្ធថៅកែ ក៏វាព្រៃផ្សៃ ហើយវាហិង្សា ហើយពេលហ្នឹង ខ្ញុំនិយាយពីបេះដូងខ្ញុំទេ ព្រោះអ្វីៗចូលមកយកអស់ហើយ លុយកាក់ មាសពេជ្រ កែវកង ឡានទៅទៀត ហើយទីបញ្ចប់ កូនឆ្កែហ្នឹង និយាយទៅ បេះដូងខ្ញុំហើយ មកបេះយកទៅទៀត ។ ឥឡូវកូនឆ្កែហ្នឹង មិនដឹងទៅណា គេយកទៅបាត់ហើយ ហើយខ្ញុំចេះតែបន់បារមីយាយម៉ៅ នៅកំពង់សោម នេះ ឲ្យជួយថែរក្សាទាំងឆ្កែ ទាំងម៉ែ ទាំងប្រពន្ធហ្នឹងទៅ ខ្ញុំគ្មានអ្វីអាក្រក់ ប៉ងឲ្យគាត់ជួបទេ មានតែបន់ស្រន់ឲ្យគាត់មានសេចក្ដីសុខ ហើយសប្បាយ ប៉ុន្តែគាត់ត្រឹមតែចូលមកដោះស្រាយបញ្ហាខ្ញុំនិងគាត់មាននេះ ។ ឥឡូវបើខ្ញុំក្បត់ មានស្រី ចិញ្ចឹមស្រី ចូលមកនិយាយមក! ហេតុអ្វីរត់ចោលបញ្ហា? ហើយអ្វីដែលហួសចិត្តនោះ ក្រៅពីយកឆ្កែហើយ ឥឡូវចង់បានឡានទៀត ទៅដាក់ពាក្យបណ្ដឹង ឲ្យខាងតុលាការកាក់ឡានហ្នឹង ។ កាក់ម៉េចទៀត បើឡានហ្នឹងហ្សេរ៉ូបាត់ហើយ ឡានទិញបង់រំលស់គេហ្នឹង គេយកវិញហើយ…“ ៕ កុលបុត្រ 

RELATED ARTICLES