ខេត្តបាត់ដំបង ៖ ក្មេងស្ទាវឈាមរាវ ចំនួន២ក្រុម បានកើតមានទំនាស់ពាក្យសម្តីជាមួយគ្នា ពេលកំពុងជិះម៉ូតូតាមផ្លូវ ជាហេតុធ្វើឱ្យភាគីម្ខាងខឹងសម្បា ក៏ព្រួតគ្នាដេញកាប់ភាគីម្ខាងទៀត តែកាប់មិនបាន ដោយសារគូទំនាស់ផ្តួលម៉ូតូរត់អស់ ទើបក្រុមជនដៃដល់ ព្រួតគ្នាកាប់ម៉ូតូ ១គ្រឿង បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ សរុប៥នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីអំពើហិង្សាធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) ខាងលើនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងមុខពេទ្យយាយជី ស្ថិតក្នុងភូមិរចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។ លុះដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន ៥នាក់។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខួន រួមមាន ៖ ទី១-ឈ្មោះឡាយ ខិត អាយុ១៦ឆ្នាំ។ ទី២-ឈ្មោះវង្ស វឌ្ឍវត្ថា អាយុ២០ឆ្នាំ។ ទី៣-ឈ្មោះទី បុន្នីដាវុធ អាយុ១៦ឆ្នាំ។ ទី៤-ឈ្មោះសយ វិស័យ អាយុ២០ឆ្នាំ និងទី៥-ឈ្មោះតាវ គឹមហៃ អាយុ២០ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះរ៉ូន គឹមហ៊ ភេទប្រុស អាយុ២៣ឆ្នាំ។
លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ប្រាប់ថា ក្រុមជនសង្ស័យទាំង៥នាក់ ខាងលើ ត្រូវបានកម្លាំងរបស់លោក តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយយោងតាមបណ្តឹងជនរងគ្រោះ ឈ្មោះរ៉ូន គឹមហ៊ ថាក្រុមជនដៃដល់ មានគ្នា៥នាក់ បានប្រើប្រាស់កាំបិតនិងដុំថ្ម កាប់ និងគប់ទៅលើម៉ូតូរបស់ខ្លួន បណ្តាលឱ្យខូចខ្ទេចខ្ទី កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងមុខពេទ្យយាយជី ស្ថិតក្នុងភូមិរចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោយពីមានជម្លោះដោយពាក្យសំដី ពេលជិះម៉ូតូតាមផ្លូវ។
លោកឈឿង គឹមសុង បានបញ្ជាក់ថា អំពើហិង្សារហូតកាប់បំផ្លាញម៉ូតូនេះ គឺផ្តើមចេញពីការប៉ះទង្គិចពាក្យសំដី ពេលជិះម៉ូតូតាមផ្លូវ។ បើតាមចម្លើយក្រុមជនសង្ស័យ ពួកគេបានប៉ះទង្គិចពាក្យសំដីគ្នា រួចក៏ឈានដល់ឈ្លោះប្រកែកគ្នា។ ពេលនោះ ពួកគេបានជិះម៉ូតូប្រដេញគ្នា ស្រែកឌឺដងគំរាមគ្នាទៅវិញទៅមក រហូតភាគីម្ខាងដែលមានគ្នាច្រើន បានព្រួតគ្នាជិះតាមស្ទាក់ជាប់ ហើយជនរងគ្រោះបានផ្តួលម៉ូតូរត់គេច ក៏ត្រូវភាគី ៥នាក់ ទាញកាំបិតកាប់កម្ទេចម៉ូតូ និងខ្លះលើកដុំថ្មគប់បន្ថែម រហូតដល់ខ្ទេចខ្ទីម៉ូតូ។
លោកបានបញ្ជាក់ទៀតថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ លោកស្នងការ បានបញ្ជាឱ្យកម្លាំងការិយាល័យរបស់លោក ធ្វើការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនក្រុមជនដៃដល់ បានចំនួន៥នាក់។
ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕