Thursday, November 28, 2024
Homeព័ត៌មានជាតិបាក់ប្លង់សេវីឡា សង្កត់កម្មករស្លាប់១

បាក់ប្លង់សេវីឡា សង្កត់កម្មករស្លាប់១

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ ចំនួន២នាក់ កំពុងធ្វើការងារនៅក្នុងការដ្ឋានសំណង់វីឡាមួយកន្លែងសុខៗ ស្រាប់តែប្លង់សេវេរ៉ង់ដាដែលទើបនឹងចាក់រួចរាល់ បានបាក់សង្កត់ បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ការងារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់វីឡាមួយកន្លែង ក្នុងដីឡូត៍ មានរបងព័ទ្ធជុំជិត តាមផ្លូវលំ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវបេតុងប្លង់សេ បាក់សង្កត់ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារក្រោយកើតហេតុ ទាំងម្ចាស់ទីតាំង និងមេការសំណង់ បានបិទទ្វាររបង មិនឱ្យអ្នកសារព័ត៌មានចូលឡើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តសង្គ្រោះបានដឹកជនរងគ្រោះម្នាក់ ទៅមន្ទីរពេទ្យភ្លាមៗ នៅសល់តែសពជនរងគ្រោះម្នាក់ កប់ក្រោមគំនរបេតុង និងដែក រហូតដល់វេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ។

ទោះជាយ៉ាងណា នៅកន្លែងកើតហេតុ ម្ចាស់ទីតាំងនិងអ្នកមេការសំណង់ បានបិទទ្វារជិត មិនអនុញ្ញាតឱ្យពលរដ្ឋ និងអ្នកសារព័ត៌មាន ចូលទៅយកព័ត៌មាននោះឡើយ លើកលែងតែសមត្ថកិច្ច ទើបអាចចូលបាន។

តាមប្រភពពីកម្មករ បានឱ្យដឹងថា មុនពេលកើតហេតុ សំណង់អគារខាងលើ ចាក់ប្លង់សេវេរ៉ងដាផ្នែកខាងមុខ ដោយប្រើចន្ទល់និងរន្ទាដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយ កម្មករម្នាក់បានចុះមកក្រោម នៅតែម្នាក់ បន្តវីបេតុង ពង្រាបឲ្យស្មើ ស្រាប់តែបេតុងប្លង់សេនោះ បានបាក់ធ្លាក់សង្កត់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់តែម្តង។

ភ្លាមៗនោះ កម្មកររបួសម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅសល់តែសពជនរងគ្រោះ ត្រូវបានរើកកាយយកចេញ រហូតដល់រសៀលថ្ងៃដដែល ទើបធ្លាយរឿង ព្រោះមានកម្មករម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។

 ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES