Friday, November 29, 2024
Homeព័ត៌មានជាតិខឹងផឹកស៊ីស្តោះទឹកមាត់ សំពង៣ឈើជ្រុង

ខឹងផឹកស៊ីស្តោះទឹកមាត់ សំពង៣ឈើជ្រុង

ខេត្តប៉ៃលិន ៖ បុរសជាមន្ត្រីយោធាម្នាក់ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែកើតមានជម្លោះពាក្យសម្តីគ្នា ពីរឿងស្តោះទឹកមាត់ ខ្ទាតត្រូវមិត្តភក្តិរួមវង់ម្នាក់ ធ្វើឱ្យកើតជាអំពើហិង្សា ដោយភាគីម្ខាងបានទាញដំបងឈើជ្រុង សំពងទៅលើជនរងគ្រោះជាមន្ត្រីយោធា ចំនួន៣ដំបង ចំក្បាល បណ្តាលឱ្យរងរបួស ដេកដួលក្នុងថ្លុកឈាម រីឯជនដៃដល់ បានរត់គេចខ្លួនបាត់ភ្លាមៗ។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចបន្ទាយទាហាន ភ្នំកំពូល៣ កងពលលេខ៥២ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនរងគ្រោះដែលត្រូវគូទំនាស់វាយចំនួន៣ដំបង បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះថោង យ៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីយោធា បម្រើកការនៅអង្គភាពខាងលើ (រងរបួសបែកក្បាល ដេរអស់ច្រើនថ្នេរ)។ ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួន មានឈ្មោះ ហើម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មករ។ ជនរងគ្រោះ និងជនសង្ស័យ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតេហតុ កាលពីវេលាម៉ោង ៧និង១១នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យ និងជនរងគ្រោះ បាននាំគ្នាផឹកស៊ីជួបជុំជាមួយមិត្តភក្តិដទៃទៀតជាច្រើន នៅក្បែរបន្ទាយ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែជនរងគ្រោះ បានខាកស្តោះទឹកមាត់នៅក្បែរវង់ផឹកស៊ី។ ពេលនោះ ជនដៃដល់ បានស្តីឱ្យជនរងគ្រោះ ជាអ្នកស្តោះទឹកមាត់ខ្លាំងៗថា ស្តោះទឹកមាត់ខ្ទាតពេញមុខរបស់ខ្លួន គ្មានសណ្តាប់ធ្នាប់ អនាម័យសោះ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ជនរងគ្រោះបាននិយាយថា រូបគាត់មិនបានស្តោះខ្ទាតត្រូវមុខជនដៃដល់ទេ គឺស្តោះនៅឆ្ងាយពីវង់។ បន្ទាប់មក ជនរងគ្រោះ បានទារលុយថ្លៃស្រា ពីជនដៃដល់ដែលបានប្រើឱ្យរូបគេទៅទិញជឿស្រាបៀរអ្នកភូមិ ចំនួន៣ម៉ឺនរៀល យកមកផឹកទាំង អស់គ្នា តែជនដៃដល់មិនព្រមឱ្យទេ ហើយថែមទាំងនិយាយឌឺដងដាក់ថា រូបគេមិនព្រមសងលុយនេះឡើយ បើចង់វាយរូបគេ ក៏វាយទៅ មិនតដៃទេ។ ពេលនោះ ជនដៃដល់ក៏ទាញយកម៉ូតូជិះចេញទៅកន្លែងដែលខ្លួនស្នាក់នៅ តែមិនទាន់ទៅដល់ផង ក៏បានឈប់ម៉ូតូ ទាញយកដំបងឈើជ្រុង ដើរទៅវាយជនរងគ្រោះ ចំនួន៣ដំបង ចំពីលើក្បាល បណ្តាលឱ្យរងរបួស ដេកដួលក្នុងថ្លុកឈាមតែម្តង។

បន្ទាប់ពីវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់រួចមក ជនដៃដល់ បានរត់គេចខ្លួនបាត់ភ្លាមៗ ដោយបន្សល់ទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-8955។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES