Friday, November 29, 2024
Homeព័ត៌មានជាតិប្រពន្ធរត់តាមប្រុសថ្មី ប្តីរត់ចូលឡាន

ប្រពន្ធរត់តាមប្រុសថ្មី ប្តីរត់ចូលឡាន

ភ្នំពេញ ៖ បុរសម្នាក់ មានចិត្តប្រចណ្ឌហួងហែងប្រពន្ធរបស់ខ្លួនខ្លាំងណាស់ និងថែមទាំងបានចោទប្រកាន់ថា ប្រពន្ធលួចលាក់មានប្រុសថ្មី រហូតឈានដល់ការប្រើអំពើហិង្សាលើប្រពន្ធទៀត ទើបធ្វើឱ្យស្ត្រីជាប្រពន្ធ ទ្រាំមិនបាន ក៏នាំកូនៗចុះចោលបាត់ ធ្វើឱ្យបុរសជាប្តីចោទថា ប្រពន្ធរត់តាមប្រុសថ្មី នឹកស្តាយប្រពន្ធនិងដឹងកំហុស ព្យាយាមទូរស័ព្ទសុំទោសប្រពន្ធ តែប្រពន្ធមិនលើកទូរស័ព្ទ ស្រាប់តែបែកគំនិតគិតខ្លី រត់មកដេកកណ្តាលផ្លូវ និងព្យាយាមរត់ចូលឡាន ដើម្បីសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសខូចចិត្តដែលប៉ុនប៉ងរត់ចូលឡាននោះ មិនបានប្រាប់ឈ្មោះទេ គ្រាន់តែដឹងថា បុរសនេះជិះម៉ូតូ ១គ្រឿង ម៉ាក CPX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-6568 មកឈប់នៅទីតាំងកើតហេតុខាងលើ ប្រុងរត់ចូលឡាន សម្លាប់ខ្លួន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង មកដល់ចំណុចកើតហេតុ ហើយក៏បានរត់ទៅដេកកណ្តាលផ្លូវ ឱ្យរថយន្តកិន ប៉ុន្តែរថយន្តដែលបើកបរតាមដងផ្លូវនោះ ព្យាយាមបើកគេចទាំងព្រលឹងចុងសក់។ បន្ទាប់មក ត្រូវបានអ្នកឃើញហេតុការណ៍ជួយចាប់ប្រទាញប្រទង់ ឃាត់បុរសរូបនោះនៅលើទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល។

ដោយឡែក បុរសខាងលើ បានទួញយំរៀបរាប់ និងលើកដៃសំពះអង្វរប្រពន្ធ ដើម្បីឱ្យប្រពន្ធ ត្រឡប់មកវិញ ហើយបាននិយាយថា “បើកទូរស័ព្ទនិយាយគ្នាទៅ អូនមិនអាណិតបងទេ យើងកម្សត់កម្រជាមួយគ្នាណាស់ មិនគួរអូនរត់ចោលបងទេ បើអូនបានឃើញហើយ ត្រឡប់មកវិញមក ទោះបីជាអូនមានគេ ក៏បងព្រមទទួលយកអូនវិញដែរ បើសិនជាអូនមិនមកជួបបងទេ បងមិនរស់ទេ ព្រោះបងមិនព្រមលែងអូនឡើយ”។

ទាក់ទិននឹងការខូចចិត្តនេះ បុរសជាប្តី បានអះអាងថា ដោយសារតែគាត់ខឹងប្រពន្ធលួចមានប្រុសថ្មី ទើបគាត់វាយប្រពន្ធ ២ដៃ ធ្វើឱ្យប្រពន្ធខឹង ក៏បាននាំកូនតូចៗចំនួន២នាក់ ចុះចោលរូបគាត់ទៅបាត់តែម្តង ដោយមិនទាន់ដោះស្រាយលែងលះគ្នាដាច់នៅឡើយ។

បុរសរូបនេះ បានបញ្ជាក់ប្រាប់ទៀតថា គាត់បានព្យាយាមទូរស័ព្ទទាក់ទងទៅរកប្រពន្ធរបស់គាត់ជាច្រើនដងហើយ តែទាក់ទងមិនបានសោះ ដោយសារប្រពន្ធរបស់គាត់ បិទទូរស័ព្ទចោល មិនព្រមបើកនោះទេ ទើបគាត់ពិបាកចិត្ត គិតអ្វីមិនចេញ ក៏ជិះម៉ូតូចេញពីផ្ទះ នៅម្តុំផ្សារឈូកមាស មកដេកកណ្តាលផ្លូវ នៅចំណុចកើតហេតុ ដើម្បីឱ្យរថយន្តកិនស្លាប់ តែរថយន្តមិនព្រមកិនទៀត។

ក្រោយមកត្រូវបានអ្នកឃើញហេតុការណ៍ ជួយទាន់ពេលវេលា គ្រាន់តែបណ្តាលឱ្យដួលរងរបួសរលាត់ដៃទាំងសងខាង និងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយនាំទៅឱ្យពេទ្យរុំរបួស។ លុះរុំរបួសរួចរាល់ហើយ ស្រាប់តែបុរសខូចចិត្តរូបនេះ បានស្រែកយំម្នាក់ឯង និងសំពះអង្វរសុំឱ្យប្រពន្ធត្រឡប់មកផ្ទះវិញ៕

RELATED ARTICLES