Friday, November 29, 2024
Homeព័ត៌មានជាតិប្លន់ម៉ូតូបាន ជិះដើរលេងភ្នំបូកគោ ជាប់ខ្នោះ៥នាក់

ប្លន់ម៉ូតូបាន ជិះដើរលេងភ្នំបូកគោ ជាប់ខ្នោះ៥នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួន កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខផ្លូវចូលបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ផ្តួលម៉ូតូ រួចយកខ្សែក្រវាត់ដេញវាយជនរងគ្រោះ ប្លន់យកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2240) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះរស់ សារ៉ាត់ ហៅសាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី២-ឈ្មោះជាង ចាន់ដែន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣-ឈ្មោះសុខ ផល្លា ហៅសែល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី៤-ឈ្មោះពៅ ម៉េងលាង ហៅម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី៥-ឈ្មោះជា ពុធសុធា ហៅវាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

រីឯវត្ថុតាងដកហូត ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2240 ចំនួន១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះនឹម នី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងសំណង់ មានលំនៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់បាន សមត្ថកិច្ចខេត្តកំពត បានប្រគល់ឱ្យសមត្ថកិច្ចជំនាញរាជធានី ភ្នំពេញ ដែលជាម្ចាស់ករណី នាំយកមកចាត់ការបន្ត។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES