Friday, November 29, 2024
Homeព័ត៌មានជាតិស្ទាក់កាប់យុវជនម្នាក់ ដាច់កស្លាប់

ស្ទាក់កាប់យុវជនម្នាក់ ដាច់កស្លាប់

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ ធ្វើសកម្មភាពស្ទាក់កាប់ប្រហារ បណ្តាលឱ្យដាច់កធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម នៅក្បែរម៉ូតូរបស់ខ្លួន គួរឱ្យរន្ធត់ រហូតដល់ព្រឹកឡើង ទើបត្រូវបានអ្នកភូមិប្រទះឃើញ ឆោឡោ ប្តឹងសមត្ថកិច្ចចុះមកជួយពិនិត្យ។

ករណីឃាតកម្ម ស្ទាក់កាប់យុវជនម្នាក់ដាច់កស្លាប់នេះ បានកើតឡើងចន្លោះម៉ោងប្រមាណ ២ ទៅ៣ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិសាឡង់១ ឃុំដារ ស្រុកមេមត់។

យុវជនរងគ្រោះដែលត្រូវឃាតករលបស្ទាក់កាប់ដាច់កស្លាប់ក្នុងថ្លុកឈាមនោះ មានឈ្មោះទិត្យ ដេត អាយុ២០ ឆ្នាំ មានលំនៅ ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់ បានឱ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចមិនបានស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ (អ្នកស្លាប់) ដែលត្រូវឃាតករកាប់ចំកញ្ចឹងកពីខាងក្រោយ បណ្តាលដេកដួលផ្ងារ នៅក្បែរម៉ូតូនោះទេ។ ប៉ុន្តែក្រោយពេលយកទូរស័ព្ទរបស់ជនរងគ្រោះទៅបញ្ចូលថ្ម រួចក៏ហៅចូលទៅលេខទូរស័ព្ទរបស់បងប្រុសរបស់គេ ទើបដឹងថា យុវជនដែលត្រូវគេកាប់ស្ទើរដាច់កធ្លាក់មកដី ស្លាប់ក្នុងថ្លុកឈាមនោះ ឈ្មោះទិត្យ ដេត អាយុ២០ឆ្នាំ មានលំនៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងបានឱ្យមកទទួលយក សាកសពទៅធ្វើបុណ្យ។

ប្រភពព័ត៌មានដដែល បានឱ្យដឹងទៀតថា ក្រោយពីការត្រួតពិនិត្យសាកសពជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញ បានសន្និដ្ឋានថា ជាករណីឃាតកម្ម ដែលអាចកើតឡើងនៅចន្លោះម៉ោងប្រហែល ២ ទៅ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាជនដៃដល់ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES