Friday, November 29, 2024
Homeព័ត៌មានជាតិកាប់គេដាច់ដៃ ជាប់ខ្នោះ២នាក់

កាប់គេដាច់ដៃ ជាប់ខ្នោះ២នាក់

ខេត្តកណ្តាល ៖ យុវជន២នាក់ ជិះម៉ូតូដឹកគ្នាចេញពីផ្ទះ បំណងទៅរកហូបបង្អែម ស្រាប់តែជិះដល់ពាក់កណ្តាលផ្លូវ ត្រូវក្មេងស្ទាវ២នាក់ ទំនងជាធ្លាប់មានគំនុំជាមួយគ្នាពីមុនមក បានជិះម៉ូតូតាមមកពីក្រោយ រួចទាញកាំបិតប៉័ងតោ កាប់ប្រហារ បណ្តាលឱ្យយុវជនម្នាក់ រងរបួសរយះដៃ យ៉ាងដំណំ ចំណែកក្រុមជនសង្ស័យ បានព្យាយាមរត់គេចខ្លួនបានរយៈពេល ៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ ២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវលេខ២១ ភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។ រហូតមកដល់វេលារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំយកមកសាកសួរ។

ជនរងគ្រោះ មានឈ្មោះពន្លក ស៊ូម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ (រងរបួសរយះកដៃខាងឆ្វេង)។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះផាន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និងទី២-ឈ្មោះសីហា ហុក ហៅតូណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកម៉ាត មានលំនៅ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ រីឯវត្ថុតាងចាប់យក រួមមាន ១-កាំបិតប៉័ងតោដងឈើ ចំនួន១ ដងប្រវែង ១០សង់ទីម៉ែត្រ ផ្លែប្រវែង ២០សង់ទីម៉ែត្រ (ជារបស់ជនសង្ស័យ)។ ២-ម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរី២០១៤ ឡើងតែម២០២២ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូដឹកមិត្តភក្តិ ក្នុងគោលបំណងទៅហូបបង្អែម នៅជិតរោងចក្រព្រែកឡុង លុះជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្រុម ជនសង្ស័យ បានជិះម៉ូតូ ១គ្រឿង មកពីក្រោយ ហើយជនសង្ស័យម្នាក់ ឈ្មោះសីហា ហុក អង្គុយពីក្រោយបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសរយះកដៃខាងឆ្វេង រួចហើយក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍រកាខ្ពស់ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ទើបឃាត់ខ្លួនជនសង្ស័យបាន យកទៅសាកសួរនៅប៉ុស្តិ៍រកាខ្ពស់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES